រថយន្តកូរ៉េដឹកហ្គាស់ បុកម៉ូតូបណ្តាលអោយមនុស្ស២នាក់រងរបួសធ្ងន់ស្រាល
ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោ១០៖២០នាទីយប់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ៣៧៤ កែងផ្លូវ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មុនពេលកើតហេតុ បុរស២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក MSX ពាក់ស្លាកលេខភ្នំពេញ 1FA-4096 ឌុបគ្នា ធ្វើដំណើរតាមបណ្ដោយផ្លូវ១៧៣ ក្នុងទិសដៅពីកើតទៅលិច លុះពេលមកដល់ណុចផ្លូវបំបែកជាបួនកើតហេតុនេះ ស្រាប់តែមានរថយន្តកូរ៉េធុនតូចមួយគ្រឿង ដឹកធុងហ្គាសធំៗ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 2A-8375 ធ្វើដំណើរតាមផ្លូវ៣៧៤ ឆ្លងកាត់ផ្លូវ១៧៣ ទិសដៅពីត្បូងទៅជើង ទើបជ្រុលទៅបុកចំពាក់កណ្តាល ម៉ូតូជនរងគ្រោះពេញទំហឹងតែម្ដង បណ្តាលឲ្យប៉ើងអ្នកទាំងពីរបោកនឹងផ្ទប់នឹងកញ្ចក់រថយន្ដ រងបួសសន្លប់ស្តូកស្តឹង រីឯម្នាក់ទៀត រលាត់ដៃជើងចេញឈាម រងរបួសស្រាល។
អ្នកបើកបររថយន្តបង្កឈ្មោះ ប៊ុន ឈឿន ភេទប្រុស បានប្រាប់ថា មូលហេតុដែលរូបគាត់ ព្យាយាមបើកគេចចេញពីកន្លែងកើតហេតុនោះ គឺដោយសារតែគាត់ឃើញ ជនរងគ្រោះទាំង២នាក់នោះដេកស្ដូកស្ដឹងនៅលើផ្លូវ ហើយខ្លាចប្រជាពលរដ្ឋមកព្រួតវាយគាត់ ពេលជួបគ្រោះថ្នាក់បែបនេះ ទើបគាត់បង្ខំចិត្តបន្ថែមល្បឿន បើកចេញទៅមុខរហូត ក៏ត្រូវប្រជាពលរដ្ឋជិះដេញតាមឃាត់បានតែម្ដង។
ជនរងគ្រោះ ត្រូវបានរថយន្ដសង្គ្រោះគ្លីនិកឯកជន ហុង ហាក់ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកឯម៉ូតូរងគ្រោះរួមទាំងរថយន្តបង្ក ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ប្រគល់ទៅអោយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕