កងកម្លាំងចម្រុះជិត៦ពាន់នាក់ ហ្វឹកហាត់ជាលើកទី២ នៅមុខព្រះបរមរាជវាំង ដើម្បីត្រៀមអបអរសាទរទិវាឯករាជ្យជាតិ៩វិច្ឆិកា

ភ្នំពេញ៖ អគ្គស្នងការនគបាលជាតិ ឲ្យដឹងថា កងកម្លាំងចម្រុះជិត៦ពាន់នាក់ ហ្វឹកហាត់ជាលើកទី២ នៅមុខព្រះបរមរាជវាំង នាថ្ងៃទី៧វិច្ឆិកានេះ ដើម្បីត្រៀមអបអរសាទរទិវាឯករាជ្យជាតិ៩វិច្ឆិកា ខួបលើកទី៦៥ បន្ទាប់ពីលើកទី១ធ្វើឡើង កាលពីថ្ងៃទី៤វិច្ឆិកា។

អ្នកនាំពាក្យ និងជាអគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឆាយ គឹមឃឿន មានប្រសាសន៍ថា ការហ្វឹកហាត់នេះ រួមមាន ការហ្វឹកហាត់ពីរបៀបនៃការដើរក្បួន ការឈរ និងកាយវិការផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណា ឲ្យសាកសមជាកងកម្លាំងរបស់ជាតិ។ 

ការចេញមកហ្វឹកហាត់របស់កងកម្លាំងចម្រុះកម្ពុជានៅថ្ងៃនេះ គឺនៅមុនពេល២ថ្ងៃទៀតប៉ុណ្ណោះ ដែលប្រទេសកម្ពុជានឹងប្រារព្ធខួប៦៥ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដែលកម្ពុជារំដោះបានពីនឹមអាណានិគមនិយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់ព្រះមហាវីរក្សត្រកម្ពុជា ព្រះបរមរតនកោដ្ឋ។ 

ពិធីហ្វឹកហាត់ នាព្រឹកថ្ងៃនេះ មានកងកម្លាំងចម្រុះ មកពីកងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងយោធពលខេមរភូមិន្ទ បានចេញមកហ្វឹកហាត់ព្រមៗគ្នា នៅឯខាងមុខព្រះបរមរាជវាំង។ ការហ្វឹកហាត់នេះ មានការចូលរួមពីកងកម្លាំងចម្រុះជិត៦ពាន់នាក់ ដោយចែកចេញជា៥៤ផែន។នៅក្នុងផែននីមួយៗ មានកងកម្លាំងសរុបចំនួន១១០នាក់។ 

តាមគម្រោង ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ រដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើឡើង ឲ្យបានអធិកអធមបើប្រៀបធៀបនឹងបណ្តាឆ្នាំមុនៗ។ ការប្រារព្ធខួប៦៥ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្នុងរយៈពេល៣ថ្ងៃនេះ នឹងប្រារព្ធធ្វើឡើង ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា៕

984B5E7E-695B-4701-95CC-095ACA1CD40