គ្រាន់តែរឿងឈរចុចលេងហ្គេមក្បែរឡានសោះ បែរជាស្រែកដាក់បង្កជាទំនាស់ ឈានដល់ការប្រើអំពើហិង្សាដ៏ព្រៃផ្សៃ ថែមទាំងបើករថយន្តបំបុកបណ្តាលឲ្យស្លាប់នៅកន្លែងម្នាក់ និងរងរបួសធ្ងន់ម្នាក់
គ្រាន់តែរឿងឈរចុចលេងហ្គេមក្បែរឡានសោះ បែរជាស្រែកដាក់បង្កជាទំនាស់ ឈានដល់ការប្រើអំពើហិង្សាដ៏ព្រៃផ្សៃ ថែមទាំងបើករថយន្តបំបុកបណ្តាលឲ្យស្លាប់នៅកន្លែងម្នាក់ និងរងរបួសធ្ងន់ម្នាក់
រាជធានីភ្នំពេញ ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណៈភាព នៃជនរងគ្រោះ (ប្រើដុំថ្ម, ដាវ, ដំបងដែកទីប និងបើករថយន្តបុក) ត្រង់ចំណុចខាងមុខខារ៉ាអូខេឌីយ៉ាម៉ង់ ផ្លូវ២១៧ ស្ថិត នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០២និង៤០នាទី ។
ជនរងគ្រោះចំនួន០២នាក់ ទី០១ឈ្មោះ អ៊ុំ តុល ហៅ លិញ (សព) ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន FBF មានទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០២ឈ្មោះ អឿន ប៊ុនថាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្អូនជីដូនមួយ) មានទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសធ្ងន់ធ្ងរ) ។
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០២និង៤០នាទី ជនរងគ្រោះ មុខរបរ សន្តិសុខឯកជន FBF មានទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានមកយាមហាងលក់ទូរស័ព្ទ BIG PHONE ស្ថិតនៅភូមិម័ល ខាងលើ ។ ពេលនោះជនរងគ្រោះ បានដើរចេញពីកន្លែងយាមទៅទិញសាច់គោអាំងនៅខាងមុខ ខារ៉ាអូខេ ឌីយ៉ាម៉ង់ ដែលមានចំងាយប្រហែល៣០ម៉ែត្រ ហើយបានចុចទូរស័ព្ទលេងហ្គេមក្បែររថយន្តម៉ាកហាយឡែនឌ័រ របស់ជនសង្ស័យ ដែលកំពុងតែចតនៅខាងមុខខារ៉ាអូខេ ឌីយ៉ាម៉ង់ នោះដែរ ។ ឃើញដូចនេះជនសង្ស័យជាម្ចាស់រថយន្តម៉ាកហាយឡែនឌ័រខាងលើ បានចុចកញ្ចក់រថយន្តចុះស្រែកអោយជនរងគ្រោះឈ្មោះ អ៊ុំ តុល ហៅ លិញ ហើយក៏បានទាស់សំដីគ្នា រួចក្រុម ជនសង្ស័យបានចុះពីលើរថយន្តព្រួតគ្នាប្រើដែកបំពង់ទីប និងដៃ វ៉ៃទៅលើជនរងគ្រោះឈ្មោះ អ៊ុំ តុល ហៅ លិញ ហើយជនរងគ្រោះឈ្មោះ អ៊ុំ តុល ហៅ លិញ ក៏បានរត់គេចចូលទៅក្នុងភូមិខាងក្រោយខារ៉ាអូខេឌីយ៉ាម៉ង់ ហៅឈ្មោះ អឿន ប៊ុនថាន់ ភេទប្រុស អាយុ២៣ឆ្នាំ (ត្រូវជាប្អូនជីដូនមួយ) ។
ពេលពួកគេ (ក្រុមជនរងគ្រោះ) ត្រឡប់មកវិញ បានទាញដុំថ្មគប់ទៅលើក្រុមជនសង្ស័យដែលមានរថយន្តចំនួន០២គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌សមួយ គ្រឿង និងម៉ាកហាយឡែនឌ័រពណ៌ប្រផេះ ០១គ្រឿង ហើយរថយន្តទាំង០២គ្រឿងខាងលើនេះ រថយន្ត០១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AT-2875 មានជនសង្ស័យចំនួនប្រហែលជាង១០នាក់ ភេទប្រុស អាយុចាប់ពី២១ឆ្នាំ ទៅ៣០ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់ឈ្មោះ រួចពួកគេទាំង០២ក្រុម ក៏បានប្រើ ដំបងដែកទីប, ដាវ,ដុំថ្ម គប់និងវ៉ៃគ្នាទៅវិញទៅមក បណ្តាលអោយជនរងគ្រោះឈ្មោះ អ៊ុំ តុល ហៅ លិញ រងរបួសធ្ងន់ធ្ងរ ហើយក្រុមជនសង្ស័យបានបើករថយន្តបុកបន្ថែមអោយស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
បន្ទាប់មកក្រុមជនសង្ស័យក៏បានបើករថយន្តមកបុកជនរងគ្រោះឈ្មោះ អឿន ប៊ុនថាន់ ដែលកំពុងតែរងរបួសធ្ងន់ធ្ងរដែរនោះ បណ្តាលអោយដួលសន្លប់នៅកន្លែងកើតហេតុដូចគ្នា រួចក្រុមជនសង្ស័យបានបើករថយន្តទាំង០២គ្រឿងខាងលើ គេចខ្លួនតាមផ្លូវ២១៧ទៅទិសខាងជើងបាត់តែម្តង ហើយភ្លាមៗនោះសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុយកជនរងគ្រោះឈ្មោះ អឿន ប៊ុនថាន់ មានរបួសបាក់ឆ្អឹងកដៃខាងស្តាំ, ដាច់រយះដៃខាងឆ្វេង០២កន្លែង និងក្បាលជាច្រើនកន្លែង ទៅសង្គ្រោះនៅក្លិនិចឯកជនឈ្មោះ សួគ៌ា ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដេរសរុបចំនួន៤៥ថ្នេរ ។
ហើយសមត្ថកិច្ចយើងបានការពារកន្លែងកើតហេតុ សាកសួរបំភ្លឺអ្នកនៅជុំវិញកន្លែងកើតហេតុ ពិនិត្យកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅហាងខារ៉ាអូខេ ឌីយ៉ាម៉ង់ រួចរាយការណ៍ទៅការិយាល័យបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ និងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ពេទ្យតុលាការ អោយចុះមកធ្វើកោសល្យវិច័យ រួចបានប្រគល់សាកសពឈ្មោះ អ៊ុំ តុល ហៅ លិញ អោយទៅឈ្មោះ ហួត ឆៃលាង ភេទ ស្រី អាយុ៣៩ឆ្នាំមុខរបរលក់ដូរ (ត្រូវជាម្តាយចិញ្ចឹមរបស់សព) យកទៅធ្វើបុណ្យនៅវត្តសំបួរមាស ស្ថិតនៅភូមិម័លខាងលើ តាមប្រពៃណី។
បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវយកផ្លាកលេខរថយន្តទៅឆែករកអត្តសញ្ញាណម្ចាស់កម្មសិទ្ធិ និងឆែកកាមេរ៉ាសុវត្ថិភាព ពិនិត្យមើលអត្តសញ្ញាណជនសង្ស័យដើម្បីនាំខ្លួនយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។