កម្លាំងអធិការដ្ឋានខណ្ឌដូនពេញឃាត់សន្តិសុខឯកជនម្នាក់ ប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិនិងប្រើស្លាកលេខម៉ូតូនគរបាលក្លែងក្លាយ
កម្លាំងអធិការដ្ឋានខណ្ឌដូនពេញឃាត់សន្តិសុខឯកជនម្នាក់ ប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិនិងប្រើស្លាកលេខម៉ូតូនគរបាលក្លែងក្លាយ
ភ្នំពេញ ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋានគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៥៤ ភូមិ៧ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទក្លែងបន្លំ (ប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ និងប្រើប្រាស់ស្លាកលេខម៉ូតូនគរបាលក្លែងក្លាយ) កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២១និង៣០នាទី។
ជនសង្ស័យដែលនគរបាលឃាត់ខ្លួនឈ្មោះប្រាក់ ចន្ទ័ដារាវង្ស ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
វត្ថុតាងចាប់យករួមមាន គឺ១.ឯកសណ្ឋាននគរបាលជាតិពណ៌ទឹកដោះគោ មាន ខោចំនួន០១ អាវចំនួន០១ .សក្តិមួយគូរ. សញ្ញាសឹង្ហ០១.និង ម៉ូតូ០១គ្រឿងម៉ាកZOOMER. Xពណ៌បៃតងបិទស្កុតប៉ារ៉ាស្លាកលេខ នប1 4652 (ក្លែងក្លាយ) លេខតួ 5105847 លេខម៉ាស៊ីន 0105847 ។
តាមដំណើររឿង ៖ .មុនពេលកើតហេតុថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៤និង០០នាទី ជនសង្ស័យឈ្មោះ ប្រាក់ ច័ន្ទដារាវង្ស ភេទប្រុស អាយុ២៥ឆ្នាំ ជាសន្តិសុខឯកជន បានទៅយាមនៅហាងបបរមួយកន្លែង នៅម្ដុំផ្សារដើមគដោយស្លៀកពាក់ឯកសណ្ឋានជាសន្តិសុខ ពណ៌ខ្មៅ លុះដល់ម៉ោង២០និង០០នាទី ចប់ម៉ោងការងារ ក៏បានដូរឯកសណ្ឋានសន្តិសុខចេញ ហើយយកឯកសណ្ឋាននគរបាលជាតិ (ពណ៌ទឹកដោះគោ) ដែលដាក់ក្រោមកែបម៉ូតូដែលបានទិញនៅផ្សារទឹកថ្លា ខោ០១ អាវ០១ តម្លៃ១០ដុល្លារ សក្កិ០១គូរ តម្លៃ៣ដុល្លារ ស្លាកឈ្មោះតម្លៃ០៥ដុល្លារ ពេលដូរឯកសណ្ឋាននគរបាលជាតិរួចហើយ ក៏បានជិះម៉ូតូដើរលេងមួយសន្ទុះមកដល់ចំណុចផ្លូវព្រះនរោត្តមកែងផ្លូវលេខ១៥៤ ភូមិ៧ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញក៏ត្រូវបានជួបកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ឃើញដោយមានការសង្ស័យបានហៅធ្វើការត្រួតពិនិត្យ ទើបដឹងថា ជនសង្ស័យមិនមែនជានគរបាលជាតិ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ប្រាក់ច័ន្ទ ដារាវង្សរួមជាមួយម៉ូតូ១គ្រឿងម៉ាក ZOOMER X ពណ៌ប៉ារ៉ាស្លាកលេខ នប14652 (ក្លែងក្លាយ) យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះតែម្តង ៕