កម្មករផ្ទះឡប្រមាណ៥០០នាក់ តវ៉ាការតម្លើងថ្លៃបន្ទប់ជួល

ភ្នំពេញ ៖ កម្មករជួលផ្ទះឡប្រមាណ៥០០នាក់ តវ៉ាសារជាថ្មីទៀតហើយ ទាមទារឲ្យថៅកែផ្ទះជួល មេត្តារក្សាតម្លៃឈ្នួលឲ្យនៅដដែល ខណៈដែលម្ចាស់ផ្ទះ គម្រោងនឹងតម្លើងថ្លៃចំនួន១០ដុល្លាក្នុងមួយបន្ទប់ ហើយកាលពីយប់ថ្ងៃទី២១ ម្សិលមិញ បងប្អូនកម្មករ តវ៉ាម្តងរួចហើយ មកដល់វេលាម៉ោង៧និង៣០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នេះនាំគ្នាតវ៉ាសារជាថ្មី ត្រង់ចំណុចច្រកចូលផ្ទះឡ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

តាមកម្មករ ពលរដ្ឋ អ្នកជួលបន្ទប់ស្នាក់នៅផ្ទះឡ បានលើកឡើងថា ពួកគាត់ចង់ឲ្យថៅកែផ្ទះជួល រក្សាតម្លៃឈ្នួល ឲ្យនៅដដែល ក្នុងហេតុផល ពួកគាត់ចំណូលតិចតួចណាស់ ។

តាមអាជ្ញាធរ បានឲ្យដឹងថា ផ្ទះឡ សរុបចំនួន២០ល្វែង ស្មើនឹង៦៩០បន្ទប់ ហើយបន្ទប់ជួលនោះទៀតសោត មានច្រើនប្រភេទ ច្រើនលំដាប់ បន្ទប់តម្លៃ១៨ដុល្លា ឈើប្រក់ស័ង្កី លិចទឹកខែវស្សា ភក់ជ្រាំ បន្ទប់៣៥ដុល្លា កម្រិតមធ្យម បន្ទប់៤០ដុល្លា កម្រិតបង្គួរ បន្ទប់៤៥ដុល្លា កម្រិតបង្គួរ ទីទួល មានឡៅតឿ ។

ប្រភពបន្តទៀតថា តាមអ្វីដែលថៅកែផ្ទះជួល គ្រោងឡើងថ្លៃ១០ដុល្លាក្នុងមួយបន្ទប់នោះ គឺតម្លើងថ្លៃ បន្ទប់ ចាប់ពី៣៥ដុល្លាឡើងទៅ ។ បន្ទាប់ពីកម្មករតវ៉ា ភាគីខាងផ្ទះជួល ត្រូវបានអាជ្ញាធរសង្កាត់ ខណ្ឌ ហៅសុំជួប ដើម្បីពិភាក្សារកដំណោះស្រាយ ហើយគោលបំណងថៅកែផ្ទះជួលបង្ហាញប្រាប់ពេលនេះ គឺការជូនដំណឹង ៣ខែក្រោយ ផ្ទះជួលឡើងថ្លៃហើយ តែពលរដ្ឋ កម្មករ នៅតែមិនយល់ស្រប បន្តផ្តុំតវ៉ាដដែល ថៅកែថា ៣ខែក្រោយ អ្នកណាជួលបានក៏ជួលបន្ត អ្នកមិនអាចនៅបាន បានតែចាកចេញ ៕