មិនទាន់អស់ទេ ករណីគ្រឿងញៀននៅរ៉ក់ មានមន្ត្រីប៉ូលិស ក៏ពាក់ព័ន្ធដែរ
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទម្លាយថា ករណីបង្ក្រាបគ្រឿងញៀននៅមជ្ឈមណ្ឌលកំសាន្តរ៉ក់ ដែលសមត្ថកិច្ចរឹបអូសគ្រឿងញៀនជជិត៥០គីឡូក្រាម ក៏មានការពាក់ព័ន្ធជាមួយមន្ត្រីប៉ូលិស ដែលជាមុខសញ្ញាតាមរកចាប់ខ្លួន ហើយសមត្ថកិច្ចមិនស្ទាក់ស្ទើរទេក្នុងការធ្វើរឿងនេះ ពោលគឺនឹងបន្តធ្វើជាបន្តទៀត ។
សម្តេចក្រឡាហោម ស ខេង លើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅសាលសាលារាជធានីភ្នំពេញ ។
សម្តេចក្រឡាហោម ស ខេង បញ្ជាក់យ៉ាងដូច្នេះថា «យើងមិនត្រូវទុកឲ្យគ្រឿងញៀនត្រួតត្រាយើងទេ យើងត្រូវត្រួតត្រាគ្រឿងញៀន លុបបំបាត់ឲ្យបាន កាត់បន្ថយឲ្យបានជាអតិបរមា និងឈានទៅលុបបំបាត់ ។ សមត្ថកិច្ចត្រូវប្រឹងប្រែង ហើយសមត្ថកិច្ចមិនត្រូវពាក់ព័ន្ធក្នុងរឿងនឹងជាដាច់ខាត ។ នៅក្នុងចំណោមមុខសញ្ញានៅរ៉ក់ មានប៉ូលិសចូលពាក់ព័ន្ធ ដែលជាមុខសញ្ញាកំពុងតែតាមរកចាប់ខ្លួន ដូច្នេះយើងមិនស្ទាក់ស្ទើរធ្វើចំពោះបញ្ហានេះទេ ត្រូវបន្តធ្វើទៀត» ។
សូមជម្រាបផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជាថ្មីម្តងទៀតថា ទោះបីជាត្រូវជីកដីជម្រៅរាប់ម៉ឺនម៉ែត្រ ក៏ត្រូវតែជីកឲ្យដល់ ដើម្បីចាប់ឲ្យបានមេខ្លោងគ្រឿងញៀននៅក្លឹបកម្សាន្តរ៉ុក ផងដែរ ហើយសម្តេចតេជោក៏បានព្រមានកម្ទេចចោលអ្នកកាងចំពោះករណីឧក្រិដ្ឋកម្ម នៅក្លិបកម្សាន្តរ៉ក់មួយនេះ ។
នេះបញ្ជាក់អោយឃើញថា មិនបញ្ជប់ត្រឹមការឃាត់ខ្លួនឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត Rock និងជនសង្ស័យប្រមាណ១៧នាក់នោះទេ គឺនៅមានអ្នកជាប់ពាក់ព័ន្ធជាមន្ត្រីប៉ូលិសថែមទៀត ។
គួររម្លឹកថា ការឃាត់ខ្លួនលោកឧកញ៉ា គិត ធាង ក្រោយពីកងកម្លាំងមានសមត្ថកិច្ច បានឆ្មក់ចូលបង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ និងឃាត់ខ្លួនមនុស្សចំនួនជាង៣០០នាក់ រឹបអូសថ្នាំញៀនបានជាង៥០គីឡូក្រាម កាលពីយប់ថ្ងៃទី២២ ឈានចូលថ្ងៃទី២៣ កុម្ភៈ ២០១៩ ៕