ក្រឡាប់​រថយន្ត​ដឹក​ភ្ញៀវ​ឡើង​ទស្សនា​លើ​ខ្នងភ្នំ​សំពៅ​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​១៧​នាក់​

បាត់ដំបង​៖​ ក្រឡាប់​រថយន្ត​ដឹក​ភ្ញៀវ​ឡើង​ទស្សនា​លើ​ខ្នងភ្នំ​សំពៅ​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​១៧​នាក់​ នៅ​ចំណុច​រម្យ​ណី​យ៍​ដ្ឋា​ន​លើ​ខ្នងភ្នំ​សំពៅ​ ភូមិ​ភ្នំ​សំពៅ​កើត​ ឃុំ​ភ្នំ​សំពៅ​ ស្រុក​បាណ​ន់​ ។​ ហេតុការណ៍​គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ១២៖០០​នាទី​ ។​

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ស្រុក​បាណ​ន់​ បាន​ឲ្យ​ដឹង​ថា​ មាន​ករណី​ក្រឡាប់​រថយន្ត​ដឹក​ភ្ញៀវ​ឡើង​ទស្សនា​លើ​ខ្នងភ្នំ​សំពៅ​ អ្នកបើកបរ​ឈ្មោះ​ សេង​.​សុភាព​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ រស់នៅ​ភូមិ​ភ្នំ​សំពៅ​លិច​ ឃុំ​ភ្នំ​សំពៅ​ ស្រុក​បាណ​ន់​ (​អ្នក​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរណ៍​ឡើង​ភ្នំ​ដោយ​ផ្ទុក​មនុស្ស​ច្រើន​)​។​ សមត្ថកិច្ច​បានអោយ​ដឹង​ថា​ គ្រោះថ្នាក់​ក្រឡាប់​ឡាន​នេះ​ បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​ចំនួន​១៧​នាក់​ ធ្ងន់​៩​នាក់​ និង​ស្រាល​៨​នាក់​ ព្រមទាំង​ឆេះ​រថយន្ត​ ១​គ្រឿង​។​

ករណី​នេះ​ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​ យក​មក​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលា ដំបូង​ខេត្ត​៕​ សម្រួល​ដោយ​៖​ លោកស្រី​ វ​.​ទោ​ ជា​ សា​រ៉ាត់