សូមប្រុងប្រយ័ត្នចំពោះអាការៈ “វិលមុខ” អាចជាបញ្ហាធ្ងន់ធ្ងរ! សម្រាប់មនុស្សទូទៅ
វិលមុខគឺជាការមានអារម្មណ៍ថាខ្លួនរបស់យើងកំពុងវិលនៅក្នុងលំហ រឺលំហវិលជុំវិញខ្លួនយើង។ ការវិលមុខ អាចជាសញ្ញាសំខាន់មួយដែលដាស់តឿនយើងទៅរកជំងឺណាមួយ ដែលវានឹងស្តែងចេញបន្ទាប់។ ដូច្នេះយើងមិនគួរព្រងើយកន្តើយចំពោះរោគសញ្ញានេះទេ។
ក) មូលហេតុនៃការវិលមុខ៖
មានបញ្ហា និងកត្តាផ្សេងគ្នាៗយ៉ាងច្រើន ដែលជំរុញអោយមានអាការៈវិលមុខដូចជាៈ
១. បញ្ហាប្រព័ន្ធប្រសាទ: ការវិលមុខដែលរួមផ្សំមកជាមួយសញ្ញាប្រព័ន្ធប្រសាទដូចជា ស្ពឹកមួយចំហៀងខ្លួន ឈឺក្បាលខ្លាំងផ្នែកខាងក្រោយនិយាយអាក់ៗ មើលឃើញរូបភាពបែកជាពីរ ការថយចុះនូវវិញ្ញាណនិងចលនា ការវិលនៃគ្រាប់ភ្នែកក្នុងទិសដៅច្រើនជ្រុង សញ្ញាប៉ះពាល់លើខួរតូច (មិនអាចទប់លំនឹង និងសម្របសម្រួលចលនា រឺដងខ្លួន) ឈ្លក់ និងពិបាកលេប។ រាល់សញ្ញាទាំងអស់នេះអាចប៉ះពាល់ដល់ជីវិតភ្លាមៗ។
២. បញ្ហាត្រចៀក: បញ្ហាដែលទាក់ទងនឹងត្រចៀកមានដូចជា៖
ក. ឈឺក្នុងត្រចៀក
ខ. ស្តាប់លែងសូវបាន( ធ្ងន់ត្រចៀក)
គ. ហូរឈាម ឬមានហូរទឹករង៉ៃតាមត្រចៀកដែល
បណ្តាលមកពីការ រលាកដោយសារមេរោគ
ឃ. ការប៉ះទង្គិច រឺដុះសាច់ក្នុងត្រចៀក។
៣. បញ្ហាផ្សេងៗទៀត: ដូចជាការប្រើប្រាស់ថ្នាំមួយចំនួន (ថ្នាំប្រឆាំងការកន្រ្តាក់ ថ្នាំបញ្ចុះសម្ពាធឈាម ។ល។) ខ្វះគ្រាប់ឈាម ខ្វះជាតិស្ករ ខ្សោះជាតិទឹក ជំងឺស្រឺត ការថយចុះសម្ពាធឈាមនៅពេលដែលងើបឈរ។
ខ) ការធ្វើរោគវិនិច្ឆ័យ៖
– ការពិនិត្យដោយក្រុមគ្រូពេទ្យជំនាញ ដើម្បីឈានទៅរកការព្យាបាលមូលហេតុច្បាស់លាស់។
– ពិនិត្យឈាម និងដោយប្រើប្រាស់ម៉ាស៊ីនទំនើបស្វ័យប្រវត្តិដូចជា ស្កេននែរ រឺ អ៊ីអ៊ែអឹម (Scanner, IRM) ដើម្បីរកការប៉ះពាល់ទៅលើប្រព័ន្ធប្រសាទកណ្តាល និងប្រព័ន្ធប្រសាទក្រៅ។
គ) ផលវិបាកនៃការវិលមុខ៖
ការវិលមុខញឹកញាប់អាចរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ និងវិវត្តទៅជាជំងឺរ៉ាំរ៉ៃ។ ការវិលមុខខ្លាំង អាចបណ្តាលអោយដួលភ្លាមៗ បង្កអោយមានការប៉ះទង្គិចលើសរីរាង្គផ្សេងៗ និងមានគ្រោះថ្នាក់ដល់អាយុជីវិត។
ប្រសិនបើមានអាការៈវិលមុខញឹកញាប់ សូមប្រញាប់មកជួបជាមួយក្រុមគ្រូពេទ្យជំនាញ ដែលត្រៀមខ្លួនជាស្រេច ដើម្បីពិនិត្យ ពិគ្រោះ ផ្តល់អនុសាសន៍លម្អិត និងដោយស៊ីជម្រៅអំពីបញ្ហាសុខភាពរបស់លោកអ្នក។
“ សូមប្រុងប្រយ័ត្នចំពោះអាការៈវិលមុខ និងស្វែងរកការព្យាលបាលអោយបានត្រឹមត្រូវ និងឆាប់រហ័ស ដែលអាចអោយយើងការពារអាយុជីវិតបានប្រាកដ ដូចពាក្យស្លោកប្រហែសបាត់ ប្រយ័ត្នគង់។ ”