ឆេះ​ស្មៅរាល​ដាល​ដល់​រោង​ទុក​រថយន្ត បណ្ដាល​ឲ្យឆេះ​ខូចខាត​ស្ទើរ​ទាំង​ស្រុង នៅស្រុក​អង្គស្នួល

មន្រ្ដីនគរបាល​ស្រុកអង្គស្នួល​បានឲ្យដឹងថា រោងទុក​រថយន្ដដែល​ត្រូវអគ្គីភ័យ​ឆាបឆេះមានទំ​ហំ៥០គុណនឹង​ទទឹង២០ ធ្វើពីជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី ខូចខាតទាំងស្រុង ជារបស់ឈ្មោះ ឃួន បូរ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរម្ចាស់ផ្ទះសំណាក់ ។ ក្នុងការឆេះនេះផងដែរ បណ្ដាលឲ្យខូច​ខាតបន្ទប់សន្តិសុខ​សម្រាក១បន្ទប់ និងការិយាល័យ​រដ្ឋបាល១បន្ទប់ ។

ប្រភពដដែលបន្ដថា ក្រោយពីនគរបាល​ស្រុកអង្គស្នួល​បានទទួលព័ត៌មាន​ករណីអគ្គីភ័យខាងលើ ភ្លាមនោះក៏​កម្លាំងនគរបាល​បានធ្វើការអន្តរាគមន៍ ដោយសហការ​ជាមួយកម្លាំង​នគរបាលប៉ុស្ដិ៍​ដំណាក់អំពិល ,ប៉ុស្តិ៍នគរបាលរដ្ឋ​បាលសំរោងលើ ប្រជាការពារ និងប្រជាពលរដ្ឋ​ជាច្រើននាក់ បានធ្វើការពន្លត់ ដោយប្រើរថយន្ត​ពន្លត់អគ្គីភ័យ​របស់ស្នងការដ្ឋាន​នគរបាលខេត្ដកណ្ដាល​ចំនួន២គ្រឿង ,រថយន្តរបស់អង្គភាព K៨៦ចំនួន១គ្រឿង ,រថយន្ត ស្នងការដ្ឋាននគរបាល​ខេត្ដកំពង់ស្ពឺ​ចំនួន៤គ្រឿង , រថយន្តកងពលតូច​លេខ៧០ចំនួនន២គ្រឿង និងរថយន្តរបស់​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ចំនួន២គ្រឿង ,រថយន្តឆ័ត្រយោង៩១១ ២គ្រឿង ។

ករណីខាងលើនេះ គឺបណ្ដាលមកភ្លើងឆេះស្មៅ ទើបរាលដាលដល់​រោងទុករថយន្ដឆេះ ធ្វើឲ្យខូចខាតបែបនេះ ៕