បុគ្គលិកABA តាមស្រលាញ់ស្រីស្អាតបុគ្គលិកអេស៊ីលីដា ចូលស្តីដណ្តឹង នាងមិនព្រមយក ខឹងខ្លាំងពេកចាប់វាយដល់ក្នុងបន្ទប់ និងគំរាមសម្លាប់
ហង្សតូច
កំពង់ចាម ៖ ករណីហឹង្សាកើតឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ដោយសារតែបុគ្គលិកធនាគារA.B.Aស្រុកចំការលើ បានស្ទាក់ចាប់នារីជាបុគ្គលិកធនាគារ អេស៊ីលីដា ភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលបានជួលបន្ទប់ស្នាក់នៅក្នុងភូមិត្នោតតាសាយ ឃុំព្រែកក ក់ស្រុកស្ទឹងត្រង់ យកទៅវាយធ្វើបាប។
ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអធិការនគរបាលស្រុកស្ទឹងត្រង់ចាប់ខ្លួន ពីបទប្រើអំពើហិង្សា និងគំរាមសម្លាប់នារីរងគ្រោះ ព្រោះតែខ្លួនខឹងដណ្តឹងនាងមិនបាន។
លោក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៦:៣០នាទីព្រឹក លោកបានទទួលព័ត៌មានពីលោកអធិការនគរបាលស្រុកព្រៃឈរ តាមរយៈទូរស័ព្ទ ថា នៅព្រឹកថ្ងៃទី04មីនា វេលាម៉ោង6 និង20នាទី មានឈ្មោះ មុត ឡេង ភេទប្រុស អាយុ29ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាបុគ្គលិកធនាគារA.B.Aស្រុកចំការលើ បានស្ទាក់ចាប់នារីឈ្មោះ( វ ល) អាយុ25ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិកន្លែងលិច ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ជាបុគ្គលិកធនាគារ អេស៊ីលីដា ភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលបានជួលបន្ទប់ស្នាក់នៅក្នុងភូមិត្នោតតាសាយ ឃុំព្រែកក ក់ស្រុកស្ទឹងត្រង់ យកទៅវាយធ្វើបាប។
លោកអធិការបានបន្តថា ក្រោយពី បានទទួលព័ត៌មាននេះភ្លាម លោក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ បានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលស្រុកស្ទឹងត្រង់ចុះស្រាវជ្រាវអង្កេត រហូតដល់បន្ទប់ជួលរបស់ជនរងគ្រោះ។
ជនរងគ្រោះបានរាយការណ៍ឲ្យដឹងថា ឈ្មោះ មុត ឡេង បានចាប់ខ្លួននៅតាមផ្លូវ បង្ខំឲ្យជិះម៉ូតូជាមួយ ឌុបយកចូលដល់ក្នុងបន្ទប់ជួល ហើយបានធ្វើសកម្មភាពទាត់ធាក់ជាច្រើនជើង និងច្របាច់កហើយយកកាំបិតចិតបន្លែគំរាម អារ.ក ទៀត និងបានបោកទូរស័ព្ទដៃរបស់ជនរងគ្រោះម៉ាកវីវ៉ូបណ្តាល ឲ្យខូចខាត01គ្រឿង។
បន្ទាប់មក សមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ មុត ឡេង ដើម្បីសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី។
ជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យខឹងដណ្តឹងនាងមិនបាន ហើយក៏ធ្លាប់គំរាមមិនឲ្យនាងជាជនរងគ្រោះ ទាក់ទងជាមួយបុរសផ្សេងទៀតឡើយ។បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបំពេញសំណុំបែបបទតាមនីតិវិធី៕