រថយន្តកូរ៉េដឹកមាន់បើកបុករះម៉ូតូឌ្រីមនិងរថយន្តកុងតឺន័រកំពង់ឈប់ស្តុបបណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនិងព្រូបីនាក់ទៀតបើករថយន្តកូរ៉េដឹកមាន់បោះពួយយ៉ាងលឿន ខណៈមកដល់ភ្លើងស្តុបមិនឈប់ជ្រុលទៅបុកម៉ូតូឌ្រីមសង់និងរថយន្តកុងតឺន័រកំពុងឈប់ស្តុបពេញទំហឹងបណ្ដាលឲ្យម្ចាស់ខ្ទៀតចេញរងរបួសធ្ងន់ហើយរថយន្តកូរ៉េផុងជាប់កន្ទុយរថយន្តកុងតឺន័របណ្ដាលឲ្យតៃកុងរថយន្តគៀបជាប់ស្លាប់មួយរំពេច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣ និង៣០នាទីទាបភ្លឺថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង កែងនិងផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ(អ្នកបើករថយន្តស្លាប់)មានឈ្មោះ ដូច សន ភេទប្រុស អាយុជាង៤០ឆ្នាំ ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ.2AK-4133 បើកដោយបុរសម្នាក់រួមដំណើរនិងព្រូបីនាក់ដឹកមាន់ពេញរថយន្ត ទិសដៅពីលិចទៅកើតក្នុងល្បឿន ទំនងអ្នកបើកបរងោកមួយភាំងបានជ្រុលទៅបុកម៉ូតូឌ្រីមសង់០១៩ពណ័ខ្មៅ ពាក់ស្លាកលេខស្វាយរៀង.1M 8023 ជិះដោយបុរសម្នាក់កំពង់ឈប់ស្តុបនៅពីក្រោយរថយន្តកុងតឺន័រពាក់ស្លាកលេខភ្នំពេញ.3A 1968 ពេញទំហឹងបណ្ដាលឲ្យម្ចាស់ម៉ូតូខ្ទាតចេញរងរបួសធ្ងន់ ចំណែករថយន្តកូរ៉េដឹកមាន់ផុងជាប់គូទរថយន្តកុងតឺន័របណ្ដាលឲ្យតៃកុងគៀបជាប់ស្លាប់គួរឲ្យអាណោចអធម័ ។
ក្នុងនោះដែរ តៃកុងរថយន្តកុងតឺន័រក្រោយស្តុបលោតខៀវហើយក៍បើករថយន្តបត់មកតាមបណ្ដាយផ្លូវ៣០ម៉ែត្រដោយមិនបានដឹងថារថយន្តកូរ៉េដឹកមាន់ជាប់គូទរថយន្តកុងតឺន័រនោះទេ ដោយបើកបានប្រមាណ១០០ម៉ែត្របានឈប់រថយន្តចុះគេចខ្លួនបាត់។
ក្រោយកើតហេតុ ម្ចាស់ម៉ូតូដែលរងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញមកវាស់វែងយករថយន្តបង្ករនិងម៉ូតូរងគ្រោះនិងរថយន្តកុងតឺន័រមួយគ្រឿងទៀតទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏ប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតរៀបចំធ្វើបុណ្យតាមប្រពៃណី៕