វ៉ៃប្លន់យកម៉ូតូគេចខ្លួនបាន៥ថ្ងៃ ត្រូវជាប់ខ្នោះរបស់នគរបាលខណ្ឌដង្កោ
ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេចក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៧ និង ៣០នាទី ក្នុងផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលខណ្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចែម ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ម ចាន់ស៊ីដេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលខណ្ឌដង្កោបានបន្ដទៀតថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៦ និង០០នាទី ជនសង្ស័យម្នាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពី
ជនរងគ្រោះមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HJ-4904 ដោយជិះតែម្នាក់ឯងចេញពីធ្វើការរោងចក្រអាខាសេត ដែលស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លុះដល់ម៉ោង២១ និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះក៏បានជិះម៉ូតូបម្រុងទៅផ្ទះវិញ តែត្រូវជនសង្ស័យមកឈរស្ទាក់ពីមុខម៉ូតូរបស់ជនរងគ្រោះ ហើយបង្ខំអោយជនរងគ្រោះដឹកជូនទៅផ្ទះរបស់គេ (ជនសង្ស័យ) តែជនរងគ្រោះប្រកែកមិនព្រមដឹកជនសង្ស័យទៅទេ រួចជនសង្ស័យក៏បានឆក់យកកូនសោរម៉ូតូ ហើយច្រានជនរងគ្រោះចេញពីម៉ូតូ ។
ពេលឃើញដូចនេះជនរងគ្រោះក៏បានស្ទុះឡើងជិះពីក្រោយជនសង្ស័យ ហើយជនសង្ស័យក៏បាន និយាយគំរាមជនរងគ្រោះថា អាឯងកុំមកតាមអញ់ ប្រយ័ត្នអញ់វ៉ៃ លុះជិះម៉ូតូតាមផ្លូវបេតុង ស្ថិតនៅភូមិក្រាំងស្វាយ ដដែលបានចម្ងាយប្រហែល១៥០ម៉ែត្រ ជនរងគ្រោះក៏បានលោតចុះពីលើម៉ូតូ ស្រែកឲ្យអ្នកជិតខាងជួយ តែត្រូវបានជនសង្ស័យជិះម៉ូតូដេញតាមពីក្រោយ ហើយយកដំបងឬស្សីវ៉ៃទៅលើជនរងគ្រោះ តែវ៉ៃមិនត្រូវ ដោយសារជនរងគ្រោះ រត់ចូលទៅពួនក្នុងស្ទឹងព្រែកត្នោត រួចជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ ។
បន្ទាប់មកជនរងគ្រោះក៏បានមករាយការណ៍ និង ដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដោយសារជនរងគ្រោះស្គាល់ជនសង្ស័យ ជាអ្នករស់នៅក្នុងភូមិជាមួយគ្នា ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកសាកសួរតាមនីតិវិធីច្បាប់ ។ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៧ និង ៣០នាទី ជនសង្ស័យក៏បានចូលមកពួនសង្ងំនៅក្នុងផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅអិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្តង ៕(ដោយ៖ អ៉ី បញ្ញា)