រវល់ជូនបងប្អូនទៅព្រលានចេញទៅអាមេរិក ត្រឡប់មកវិញ ចោរគាស់ទ្វារចូលលួចទ្រព្យសម្បត្តិអស់
ភ្នំពេញ ៖ នៅផ្ទះលេខ២១០E៤ ផ្លូវលេខ២១៧ ក្រុមទី២៤ ភូមិ៥ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា មានករណីគាស់ទំលុះទំលាយចូលលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង២២និង០០នាទី ថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ។
តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុឈ្មោះ សេង ទ្រី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាងមាស ទីលំនៅផ្ទះកើតហេតុខាងលើ សម្ភារបាត់បង់រួមមាន ៖ កុំព្យូទ័រយួរដៃ៣គ្រឿង, លុយដុល្លារអាមេរិក៤០$, លុយខ្មែរ៦ម៉ឺនរៀល, មាសចំនួន៥តម្លឹង៨ជី។
តាមការបំភ្លឺពីឈ្មោះ សេង ទ្រី ភេទប្រុស ជាម្ចាស់ផ្ទះបានអោយដឹងថា សមាជិកក្នុងផ្ទះមានចំនួន០៥នាក់ ហើយនៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ សមាជិកគ្រួសារទាំងអស់បាននាំគ្នាចេញពីផ្ទះទៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ ដើម្បីជូនដំណើរបងប្អូនចេញទៅប្រទេសអាមេរិកវិញ ដោយបានចាក់សោរទ្វារផ្ទះពីខាងក្រៅជាប់។ លុះរហូតដល់ម៉ោងកើតហេតុខាងលើពេលដែលនាំគ្នាត្រឡប់មកផ្ទះវិញឃើញទ្វារផ្ទះបើកចំហរ ក៏នាំគ្នាចូលទៅមើលក្នុងផ្ទះឃើញឥវ៉ាន់រើកកាយ និងទៅមើលថតតុធ្វើមាសតែមិនឃើញមាស ទើបដឹងថាចោរលួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ ។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានឲ្យដឹងថា សមត្ថកិច្ចបានរកឃើញស្នាមក្រយ៉ៅម្រាមដៃ២ និងស្នាមក្រយ៉ៅបាតដៃ១ ៕