សូមបង្ហាញនូវការស្រឡាញ់ដោយក្តីគោរពក្នុងថ្ងៃ១៤កុម្ភៈ!!!
សួស្ដីចៅៗក្មួយៗនិងជនរួមជាតិទាំងឡាយ !!!
ភ្នំពេញ ៖ ថ្ងៃនេះជាថ្ងៃ ១០ កើត ខែមាឃ ឆ្នាំច បើនិយាយជាថ្ងៃតាមចន្ទគតិបែបនេះ ប្រហែលជាគ្មានក្មួយៗចៅៗណាចាប់អារម្មណ៍ទេមើលទៅ តែបើនិយាយថាជាថ្ងៃ១៤ កុម្ភៈ ប្រហែលជាមានអ្នកចាប់អារម្មណ៍ច្រើន អ្នកខ្លះប្រហែលជាបានរៀបចំផែនការរួចរាល់ហើយផងក៏មិនដឹង ។
ថ្ងៃនេះតាមិនចង់និយាយពីរឿងនយោបាយអីទេ គ្រាន់តែចង់និយាយទៅកាន់ចៅៗដែលទើបពេញវ័យ។ ចៅៗសុទ្ធតែដឹងហើយថាអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ជាពិសេសនៅថ្ងៃទិវានៃក្តីស្រឡាញ់នេះតែម្តង ។ តានិយាយនេះ មិនមែនចង់ជ្រៀតជ្រែកចូលកិច្ចការយុវវ័យនោះទេ តែការប្រព្រឹត្តខុសប្រពៃណីទំនៀមទម្លាប់ខ្មែរ ក៏មិនមែនជាកិច្ចការយុវជន យុវនារីដែរ ។
តាមកដល់អាយុប៉ុណ្ណេះ តាក៏ធ្លាប់ឆ្លងកាត់ជីវិតយុវវ័យដែរ តាដឹងថា អារម្មណ៍រំភើបពេលជួបអ្នកដែលខ្លួនស្រលាញ់វាយ៉ាងដូចម្តេច ។ នៅក្នុងសម័យយុវវ័យរបស់តា និងយាយ ទោះពេលនោះយើងស្ថិតក្នុងសម័យសង្គ្រាមតស៊ូ ទោះជាពួកយើងស្រលាញ់គ្នាយ៉ាងណា ក៏ពួកយើងនៅតែគោរពគ្នា រក្សាប្រពៃណី តស៊ូជាមួយគ្នារហូតដល់ក្លាយជាប្តីប្រពន្ធដែលទទួលស្គាល់ដោយសង្គម ។
តាបានអានអត្ថបទរបស់អ្នកស្រាវជ្រាវសង្គមម្នាក់ដែលគេបានកត់សម្គាល់ថាចៅៗយុវវ័យឥឡូវហាក់ដូចជាមានភាពចាស់ទុំច្រើន បើប្រៀបធៀបមើលពីឥរិយាបទឆ្នាំមុនៗនៅថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ ។ ចៅៗភាគច្រើនចេះគិតគូរហើយមិនប្រព្រឹត្តអ្វីដែលផ្ទុយនឹងប្រពៃណីខ្មែរឡើយ ។
ការសិក្សានេះធ្វើឱ្យតាសប្បាយចិត្ត ។ ជាការពិត តាតែងតែចង់ឃើញក្មួយៗចៅៗកម្មករ កម្មការិនីមានកូនពូនជាចៅដោយសុភមង្គល ហើយសុភមង្គលត្រូវតែកើតចេញពីការរៀបចំគ្រួសារមួយត្រឹមត្រូវតាមច្បាប់ និងទំនៀមទម្លាប់ ប្រពៃណីខ្មែរ អំពើផ្សេងពីនេះ នឹងមិននាំមកនូវសុភមង្គលឡើយ ទាំងខាងចៅស្រីក៏ដូចជាខាងចៅប្រុស ។ សូមចៅៗ បង្ហាញនូវការស្រលាញ់ដោយក្តីគោរពក្នុងថ្ងៃ១៤កុម្ភៈនេះ ៕