អាសូរណាស់! ចាកឆ្ងាយពីស្រុកកំណើតមកធ្វើកម្មករនៅភ្នំពេញ តែអកុសលស្លាប់ក្នុងការដ្ឋានសំណង់
ភ្នំពេញ៖ ដោយសារតែជីវភាពក្រីក្រ បុរសវ័យចំណាស់ម្នាក់បានសម្រេចចិត្តចាកឆ្ងាយពីគ្រួសារ បងប្អូន ពីស្រុកកំណើត បានធ្វើដំណើរមកភ្នំពេញ ធ្វើជាកម្មករសំណង់មិនទាន់បានបើកប្រាឈ្នួលផង ក៏បានជួបអកុសល ស្លាប់ក្នុងដំណេក ដោយសារខ្យល់គ ទើបបង្កអោយមានការភ្ញាក់ផ្អើលតែម្តង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៩ ក្នុងការដ្ឋានមួយកន្លែងដែលស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
បុរសវ័យចំណាស់ដែលខ្យល់គរស្លាប់ក្នុងដំណេកនោះមានឈ្មោះ ឈឹម ស៊ីណង អាយុ៦១ឆ្នាំ មានស្រុកកំណើតនៅភូមិបារ៉ាយតូច ឃុំបារ៉ាយ ស្រុកបារ៉ាយ ខេត្តកំពុងធំ។
ប្រភពព័ត៌មានកម្មករដែលធ្វើការជាមួយគ្នាបានអោយដឹងថា មុនពេលកើតហេតុ បុរសជនរងគ្រោះបានចូលសម្រាក ពីព្រលប់ដូចរាល់ដង លុះពេលព្រឹកព្រលឹម មិនឃើញក្រោក ពេលនាំគ្នាទៅដាស់ស្រាប់តែឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូនទៅអជ្ញាធរសមត្ថកិច្ចចុះមកពិនិត្យតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច្ឆ័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន រួចប្រគល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ បក្សីចាំក្រុង