រថយន្ត​បែន​ដឹក​ បុក​ជាមួយ​រថភ្លើង​ សំណាង​គ្មាន​មនុស្ស​រង​របួស​ នៅ​ខេត្ត​ព្រះ​សីហ​នុ

​ព្រះ​សីហ​នុ​៖​ រថយន្ត​បែន​ដឹក​បុក​ជាមួយ​រថភ្លើង​ បណ្តាល​ឱ្យ​រថភ្លើង​ធ្លាក់​ចេញពី​ផ្លូវដែក​ សំណាង​មិន​បង្ក​ឲ្យ​មាន​មនុស្ស​របួស​ឡើយ​។​ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​ នៅ​ថ្ងៃ​ចន្ទ​ ៧​កើត​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១០​នឹង​១៥​នាទី​ លើ​ផ្លូវដែក​ ត្រង់​ចំណុច​ភូមិ​ព្រែក​ទល់​ ឃុំ​ទឹកថ្លា​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​។​

​លោក​ឧត្តមសេនីយ៍​អ៊ី​ សុខា​ ស្នងការ​រង​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្ក​ដោយ​ រថយន្ត​បែន​ដឹក​ដី​ ០១​គ្រឿង​ម៉ាក​ HYUNDAI​ ពណ៌​ ទឹកប្រាក់​ គ្មាន​ស្លាក​លេខ​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ មាន​ទិស​ដៅ​ពី​លិច​ឆ្ពោះទៅ​ កើត​លុះដល់​ចំណុច​ខាងលើ​បាន​បុក​ រថភ្លើង​ដែល​មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ ឆ្ពោះទៅ​ ភ្នំពេញ​ បណ្ដាល​ឲ្យ​ធ្លាក់​ក្បាលរថភ្លើង​ចេញ​ពីលើ​ផ្លូវដែក​។​

​ចំណែក​អ្នកបើកបរ​រថយន្ត​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​។​ រីឯ​វត្ថុ​តាង​ រថយន្ត​ ០១​គ្រឿង​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ ៕សហការី