ក្រសួងការងារ ចេញសេចក្តីប្រកាសមួយ អនុញ្ញាតឱ្យ កម្មករ និយោជិតរបស់ខ្លួន ឈប់សម្រាកចំនួន៣ថ្ងៃ សម្រាប់ថ្ងៃបុណ្យអុំទូកខាងមុខ
ភ្នំពេញ ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់ដល់ម្ចាស់ និងនាយកសហគ្រាសគ្រឹះស្ថានទាំងអស់ អនុញ្ញាតឱ្យកម្មករនិយោជិតរបស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ពីថ្ងៃទី ២១-២២ និង ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ នាថ្ងៃនេះ។
ក្រសួងបានអះអាងផងដែរថា ក្នុងករណីចាំបាច់បំផុតដែលមិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបាន នាឱកាសពិធីបុណ្យអុំទូកនេះ ម្ចាស់ និងនាយកសហគ្រាសគ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយកម្មករនិយោជិត ឱ្យមានការស្ម័គ្រចិត្ត ព្រមទាំងបែងចែកពេលវេលា និងថ្ងៃឈប់សម្រាកបុណ្យ ឱ្យបានសមស្រប។
ជាមួយគ្នានេះ កម្មករនិយោជិត ដែលធ្វើការនៅថ្ងៃឈប់សម្រាកនេះ គឺមានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា ៕