ទីតាំងបើកល្បែងស៊ីសងភ្នាល់បាល់ ជ្រកក្រោមអ៊ីធើណិត២៤ម៉ោងមួយកន្លែង ត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវបង្ក្រាប
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែង សហការជាមួយកម្លាំងគណៈបញ្ជាការខណ្ឌបានបង្ក្រាបទីតាំងបើកល្បែងស៊ីសងភ្នាល់បាល់ ជ្រកក្រោមអ៊ីធើណិត២៤ម៉ោងមួយកន្លែង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១១នឹង៣០នាទី នៅចំណុចផ្ទះលេខ១៩២២ ផ្លូវជាតិលេខ៥ ក្រុម១ ភូមិផ្សារតូចសង្កាត់ទួលសង្កែទី១។
លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថាក្នុងប្រតិបត្តិការខាងលើកម្លាំងសមត្ថកិច្ចបានឃាត់មនុស្ស២នាក់រួមមានទី១-ឈ្មោះ អូន សុធន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមេការចាត់ចែងស៊ីសង ស្នាក់នៅផ្ទះទីតាំងខាងលើភ្នាក់ងារ និងទី២-ឈ្មោះហ៊ឹម សុហ៊ុន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបរ ស្នាក់នៅផ្លូវរថភ្លើងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក អ្នកលេង។
សម្ភារៈដកហូតរួមមានៈកុំព្យូទ័រចំនួន១០គ្រឿង,សៀវភៅកត់ភាគរយរបស់ភ្ញៀវ១ក្បាល, សៀវភៅកត់ចំណាយចំណូលប្រចាំខែ, ប្រាក់រៀលចំនួនប្រាំម៉ឺន(៥០០០០),ប្រាក់ដុលារ១៥$។ បច្ចុប្បន្នកម្លាំងជំនាញអធិការដ្ឋាន កំពុងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕ សហការី