សម្តេចតេជោ ហ៊ុនសែន បញ្ជាមិនឱ្យយកលុយពីទូរទស្សន៍បរទេសនានា ដែលផ្សាយពីស៊ីហ្គេម នៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ នេះ បានបង្ហោះសារបញ្ជាក់ឱ្យបានដឹងថា ៖ «សម្តេចតេជោ ហ៊ុនសែន ប្រកាសឱ្យទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡា ស៊ីហ្កេម ដោយមិនបង់លុយទាំងអស់។ សហព័ន្ធកីឡាដែលចូលរួមក៏មិនត្រូវបង់លុយដែរ»។
ទន្ទឹមនោះ ឯកឧត្តមបានឱ្យដឹងទៀតថា តាមរយៈសាររបស់សម្ដេច នៅសម័យប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី ៣១ មីនា ២០២៣ បានបញ្ជាក់ថា សម្តេចតេជោ បញ្ជាមិនឱ្យយកលុយពីទូរទស្សន៍បរទេសនានាដែលផ្សាយពីស៊ីហ្គេមលើទី ៣២ នៅកម្ពុជាឡើយ។
សូមរំឭកផងដែរថា នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានចេញសារជាសំឡេងពាក់ព័ន្ធការផ្សព្វផ្សាយការលក់សំបុត្រចូលក្នុងពិធីបើក និង ពិធីបិទស៊ីហ្គេម ដោយសម្ដេចបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ អាចមានសិទ្ធិចូលរួមមើលការប្រកួតស៊ីហ្គេម បានដោយសេរី មិនចាំបាច់ចំណាយប្រាក់ទិញសំបុត្រនោះឡើយ៕