ទីបំផុត ឃាត់ខ្លួនជនសង្ស័យបានហើយ ដែលបានគ.ប់កញ្ចក់រថយន្តពីរករណី ដែលបានកើតឡើងនៅខេត្តតាកែវ
តាកែវ៖ កាលពីថ្ងៃចន្ទ ទី ២០ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ២១ និង ០០ មានករណីអំពើលួ.ចមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា (គ.ប់កញ្ចក់រថយន្ត) កើតឡើងនៅត្រង់ចំណុច ភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយ ជនសង្ស័យឈ្មោះ សូត្រ ចន្ថា ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅ ភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ បានធ្វើសកម្មភាព យកដុំថ្ម ចំនួន២ដុំទំហំ ១៦សង់ទីម៉ែត្រ និង១ដុំទៀតទំហំ ៤សង់ទីម៉ែត្រ គ.ប់ទៅលើ កញ្ចក់រថយន្តរបស់ជនរងគ្រោះ៖
១.រថយន្តម៉ាក តូយ៉ូតា រ៉ាស់ សេរីឆ្នាំ២០២១ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4277 របស់ជនរងគ្រោះឈ្មោះ យ៉ែម នាង ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឲ្យបែ.កកញ្ចក់ខាងមុខ ចំនួន ២ កន្លែង
២.រថយន្តម៉ាកតូយ៉ូតា តាកូម៉ា សេរីឆ្នាំ១៩៩៦ ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ច៩៨៤១ភព២ របស់ជនរងគ្រោះឈ្មោះ ប៉េង ណាន ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិខ្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បែ.កកញ្ចក់ទ្វារខាងមុខ ចំហៀងខាងឆ្វេងបម្រុងនិងលូកដៃយកទូរស័ព្ទ ដែលនៅក្នុងរថយន្ត តែត្រូវបានប្រជាការពារប្រទះឃើញ ស្រែកឆោរឡោ ហើយជនសង្ស័យក៏រត់គេចខ្លូនបាត់ ។
យ៉ាងណាមិញ ដោយមានការចង្អុលបង្ហាញ ពី លោក ឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត តាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសូរភី និងប្រជាការពារ នៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ១០ និង ០០ នាទី ទើបឃាត់ខ្លួនបាន ជនសង្ស័យឈ្មោះ សូត្រ ចន្ថា និងបានដកហូតវត្ថុតាង នៅត្រង់ចំណុចភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ៕
ប្រភព៖ PNN News
សូមទស្សនារូបភាពខាងក្រោម៖