ឃាត់ខ្លួនស្ត្រីម្នាក់លួចកាបូបលុយជាង២០០០ដុលា្លរ នៅក្នុងតូបលក់ខោអាវ ក្នុងទីរួមផ្សារធំថ្មី!


រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ដែលជាជនសង្ស័យត្រូវកម្លាំងអធិការរដ្ឋាននគរបាលខណ្ឌដូនពេញធ្វើការឃាត់ខ្លួនករណីលួចកាបូបលុយពីជនរងគ្រោះក្នុងតូបលក់ខោរអាវបានចំនួនជាង២០០០ដុល្លារ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៥និង០០នាទីនៅចំណុចក្នុងតូបលក់ខោអាវ លេខI១៩៦ ក្នុងទីរួមផ្សារធំថ្មី ផ្លូវលេខ១៣៦ ភូមិ៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យត្រូវឃាត់ខ្លួននោះមានឈ្មោះ ប៉ែន ស្រីមុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ ស្នាក់នៅភូមិបាលាយ ឃុំអង្កាញ់ ស្រុកអង្គរបូរី ខេត្តតាកែវ ។ ចំណែកជនរងគ្រោះជាម្ចាស់កាបូបមានឈ្មោះ ហេង សុផាន់ណា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ ក្នុងផ្សារធំថ្មីមានទីលំនៅផ្ទះលេខ១៥៨ ផ្លូវលេខ១៦១ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ សំភារះបាត់បង់ កាបូបលុយ ពណ៍ខ្មៅ ចំនួន០១, លុយ ចំនួន២០០៩ដុល្លា ។

ប្រភពពីជនរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុ វេលាម៉ោង១៣និង០០នាទី ជនរងគ្រោះកំពុងលក់ខោអាវនៅចំណុចតូបលេខ I១៩៦ ក្នុងទីរួមផ្សារធំថ្មី ពេលកំពុងលក់ខោអាវ ក៏មានជនសង្ស័យខាងលើបានចូលមកក្នុងតូបទិញអាវពីជនរងគ្រោះ ពេលនោះជនរងគ្រោះក៍បានខ្ចប់ខោអាវអោយទៅជនសង្ស័យក្រោយមកជនសង្ស័យក៏ចូលទៅក្នុងតូបរបស់ជនរងគ្រោះ លើកខោអាវមើលធ្វើដូចរកទិញថែមទៀត ឆ្លៀតឱកាសល្អ ជនសង្ស័យក៏ធ្វើសកម្មភាពលួចយកកាបូបលុយរបស់ជនរងគ្រោះដែលទុកលើគំនរខោអាវបានសំរេច ហើយក៏ដើរចេញទៅខាងក្រៅផ្សារជិះម៉ូតូឌុបគេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប្រចាំទីរួមផ្សារធំថ្មី។

ក្រោយពីទទួលបានពាក្យបណ្តឹងកំលាំងយើងបានសហការជាមួយជនរងគ្រោះពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ឃើញរូបភាពសកម្មភាពរបស់ជនសង្ស័យឈ្មោះប៉ែន ស្រីមុំធ្វើសកម្មភាពលួចកាបូបលុយពិតប្រាកដ ហើយ រហូតដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យក៏ជិះម៉ូតូជាមួយប្តីចូលមកក្នុងទីរួមផ្សារធំថ្មី ដើរទៅដល់ក្បែរតូបរបស់ជនរងគ្រោះ ក៏ត្រូវជនរងគ្រោះឃើញបានសហការជាមួយកំលាំងនគរបាលទផ្សារធំថ្មី ក៏ឃាត់ខ្លួនជនសង្ស័យ នាំមកទីស្នាក់ការទីរួមផ្សារធំថ្មី ដើម្បីធ្វើការសាកសួរ តែម្តង។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកាបូបលុយរបស់ជនរងគ្រោះពិតមែន។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកំពុងកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនិតិវិធី៕ (ហង្សតូច)