ហោះលើអាកាសអស់ ១៣ ម៉ោង ចុងក្រោយចុះចតនៅព្រលានដដែល ព្រោះព្រលានមួយទៀតត្រូវទឹកលិចអស់
អ្នកដំណើរលើយន្តហោះមួយគ្រឿង ត្រូវបង្ខំចិត្តវិលត្រឡប់មកកាន់ព្រលានយន្តហោះដដែលវិញ ក្រោយធ្វើដំណើរហោះហើរលើអាកាសអស់រយៈពេល ១៣ ម៉ោង។
ជើងហោះហើរ EK448 នៃយន្តហោះ Emirates បានចាកចេញពីព្រលានយន្តហោះក្រុងឌូបៃ នៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ ឆ្ពោះទៅកាន់ទីក្រុង Auckland ប្រទេស New Zealand។ យន្តហោះមួយគ្រឿងនេះដែរ គឺរំពឹងថានឹងទៅដល់គោលដៅក្នុងរយៈពេល ១៦ ម៉ោងក្រោយការហោះហើរ ប៉ុន្តែខណៈកំពុងហោះហើរនោះ ក៏បានជួបប្រទះបញ្ហា ពេលព្រលានយន្តហោះក្រុង Auckland ត្រូវបានបិទ ដោយសារតែរងការលិចលង់ពីភ្លៀងធ្លាក់ខ្លាំង។
ក្រោយហោះហើរបានរយៈពេល ១៣ ម៉ោង យន្តហោះ Emirates មួយគ្រឿងនេះក៏ត្រូវបង្ខំចិត្តបកក្បាលហោះត្រឡប់ទៅព្រលានយន្តហោះដើមវិញ។
គួរបញ្ជាក់ថា ព្រលានយន្តហោះក្រុង Auckland ត្រូវបានប្រកាសបិទ និង លុបចោលរាល់ជើងហោះហើរទាំងក្នុងស្រុក និង ក្រៅស្រុក ក្រោយភ្លៀងធ្លាក់យ៉ាងគំហុក បណ្ដាលឱ្យអ្នកដំណើរមួយចំនួននៅក្នុងព្រលាន ត្រូវជាប់គាំងលិចលង់ក្នុងទឹកជ្រៅដល់ជង្គង់៕