ត្រៀមអាវរងា! ចាប់ពីខានស្អែកនេះ អាកាសធាតុអាចធ្លាក់ចុះដល់ ២០ អង្សា
ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីជូនដំណឹងបន្ថែមស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៧-៣០ ខែមករា ឆ្នាំ ២០២៣ ឱ្យបានដឹងថា តាមការវិវត្តជាក់ស្ដែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា នៅថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ ទ្រនុងសម្ពាធខ្ពស់ពីចិន និង ខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើកម្ពុជា ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ អាកាសធាតុបន្តចុះត្រជាក់បន្ថែម ជាពិសេស នៅថ្ងៃទី ២៩-៣០ ខែមករា ដែលនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ខ្ពង់រាប និង តំបន់ភាគពាយព្យ ធាតុអាកាសនឹងចុះត្រជាក់ខ្លាំង ជាងសព្វមួយដង ដោយសីតុណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះ អាចធ្លាក់ចុះដល់ ១៤-១៦°C។ រីឯបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាមានពី ១៧-២១°C ។ ចំណែកនៅរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ២០°C។ បន្ទាប់ពីនោះរហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ សីតុណ្ហភាពនឹងវិលមកជាធម្មតាវិញ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ទទួលជ្រាបជាព័ត៌មាន និង បង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសចុះត្រជាក់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖