សម្ដេច ហ៊ុន សែន ប្រកាសរើសគ្រូពេទ្យ និង បុគ្គលិកជាប់កិច្ចសន្យារាប់រយនាក់សម្រាប់មន្ទីរពេទ្យថ្មី
នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ មន្ទីរពេទ្យជាតិតេជោ សន្តិភាព ថា សម្ដេចនឹងអនុញ្ញាតឱ្យមានការជ្រើសរើសគ្រូពេទ្យ និង បុគ្គលិកជាប់កិច្ចសន្យាជាច្រើនរយនាក់បន្ថែមទៀត ដើម្បីបម្រើដល់មន្ទីរពេទ្យថ្មី។
ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករសំណង់ប្រមាណ ១ ២០០ នាក់ បន្ទាប់ពីបានចុះពិនិត្យដំណើរការសាងសង់មន្ទីរពេទ្យថ្មី ដែលស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថានឹងបើកភ្លើងខៀវដល់ការជ្រើសរើសគ្រូពេទ្យចំនួន ២០០ នាក់បន្ថែមទៀត និង បុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០០ នាក់ទៀតសម្រាប់មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលជាមួយគ្នានេះដែរ សម្តេចក៏បានបញ្ជាក់ជាថ្មីទៀតថា វិស័យអប់រំ និង សុខាភិបាលនឹងបន្តជាវិស័យអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។
មិនតែប៉ុណ្ណោះ សម្ដេចក៏បានលើកឡើងពីមន្ទីរពេទ្យជាតិ តេជោសន្តិភាព ថាជាពេទ្យដែលធំជាងគេនៅកម្ពុជា ដែលមានបំពាក់ដោយឧបករណ៍វេជ្ជសាស្រ្តទំនើបៗ មានគ្រែជិត ១០ ០០០ ដោយមានអគារចំនួន ១១ រួមទាំងអគារសង្គ្រោះបន្ទាន់ និង ការព្យាបាល បន្ទប់ថែទាំ ដែលជាបន្ទប់ចាំបាច់ខ្លាំង អគាររដ្ឋបាល អគារបច្ចេកទេស អគារផ្គត់ផ្គង់ និង ព័ត៌មានជាដើម គឺអាចផ្ទុកអ្នកជំងឺបានដោយមិនចាំបាច់ព្រួយបារម្ភ។
គួរបញ្ជាក់ដែរថា មន្ទីរពេទ្យនេះគឺជាការផ្តួចផ្តើមគំនិតដោយសម្ដេច តេជោ ហ៊ុន សែន ហើយការសាងសង់មន្ទីរពេទ្យនេះក៏បានចាប់ផ្តើមតាំងពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ដោយក្រុមហ៊ុន CJEC Co., Ltd. សហការជាមួយសាលារាជធានីភ្នំពេញ ហើយឥលូវនេះគឺសម្រេចបានដល់ទៅ ៨០ ភាគរយហើយ៕
ប្រភព៖ ក្រសួងព័ត៌មាន
រូបភាពដោយ៖ វិមាន ៧ មករា