ក្មេងអាយុជាង ១០ ឆ្នាំម្នាក់ សួតខូចខ្លាំងរហូតប្រហោងៗដូចសម្បុកឃ្មុំ ក្រោយជក់បារីអេឡិចត្រូនិច
បើនិយាយទៅដល់គ្រឿងដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព បារីដើម និង បារីអេឡិចត្រូនិច ពិតជាគ្រោះថ្នាក់មិនចាញ់គ្នាឡើយ តែក៏នៅមានមនុស្សមួយចំនួន ជាពិសេសយុវវ័យ ក្មេងៗ និង ចាស់ៗ នៅតែប្រើប្រាស់វាផងដែរ។
ជាក់ស្តែង ថ្មីៗនេះ មានករណីថ្មីមួយ ដែលគ្រូពេទ្យនៅថៃ បានលើកយកមកជាឧទាហរណ៍ ដើម្បីជាការដាស់តឿនក្រើនរំឭក ដោយមានក្មេងម្នាក់អាយុទើបជាង ១០ ឆ្នាំ ធ្លាក់ខ្លួនឈឺរលាកសួត ក្រោយពីបានសំងំលួចជក់បារីអេឡិចត្រូនិច លាក់ឪពុកលាក់ម្តាយ។
ក្នុងនោះ ករណីមួយនេះ ត្រូវបានគេចែកចាយនៅតាមបណ្តាញសង្គម ដោយបានឱ្យដឹងថា អ្នកជំងឺខាងលើនេះ បានមកដល់មន្ទីរពេទ្យដោយមានអាការក្អកខ្លាំង និង ហត់ ហើយក្រោយពេលពិនិត្យទៅ លទ្ធផលបានចេញមកថា រូបគេបានហើមសួត ដោយសារតែឆ្លងបាក់តេរី និង វីរុស។
ដោយឡែក បើតាមប្រវត្តិរបស់ក្មេងរូបនោះ គេបានជក់បារីអេឡិចត្រូនិចមកមួយរយៈទៅហើយ ហើយក្រោយពីកាត់ការថត CT រួចមក គឺបានឱ្យដឹងច្បាស់ហើយថា គេបានកើត EVALI ដែលជាជំងឺរលាកសួត កើតមកពីធាតុគីមីដូចជា formaldehyde និង diacetyl នៅក្នុងបារីអេឡិចត្រូនិច។
សួតរបស់គេខូចខ្លាំងណាស់ ចាប់ផ្តើមចេញប្រហោងៗដូចជាសម្បុកឃ្មុំអ៊ីចឹងឯង ទើបធ្វើឱ្យឆាប់ហត់ និង ឆ្លងមេរោគបានលឿនបែបនេះ។ ចុងក្រោយ គ្រូពេទ្យក៏បានដាស់តឿនដែរថា ឪពុកម្តាយដែលមានកូនចៅជក់បារីអេឡិចត្រូនិច ឬ បារីទូទៅ សូមមេត្តាប្រយ័ត្ន សូមដាស់តឿនឱ្យពួកគេឈប់ជក់ ព្រោះមានករណីនេះច្រើនណាស់នៅក្រៅប្រទេស រហូតដល់ ២ ៨០៧ ករណី ហើយក្នុងនោះមានអ្នកបាត់បង់ជីវិត ៦៨ នាក់ទៅហើយ៕