ភ្ញាក់ផ្អើល! ក្មេងប្រុសអាយុ ១០ ឆ្នាំ អស់បុណ្យចោលម្តាយ ក្រោយដើរភ្លាត់ធ្លាក់ចូលពុម្ពដែកសសរបេតុងជម្រៅ ៣៥ ម៉ែត្រ
ថ្មីៗនេះរឿងរ៉ាវមួយបាន និង កំពុងតែធ្វើឱ្យមានការភ្ញាក់ផ្អើល និង អាណិតអាសូរយ៉ាងខ្លាំង ដោយមានក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់ ធ្លាក់ចូលទៅក្នុងពុម្ពដែកសសរបេតុងជម្រៅ ៣៥ ម៉ែត្រ ដាច់បាយដាច់ទឹកអស់ ៤ ថ្ងៃ រហូតដល់ស្លាប់។
ហេតុការណ៍មួយនេះបានកើតឡើងនៅខេត្ត Dong Thap ប្រទេសវៀតណាម ដែលព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរូបនេះបានធ្លាក់ចូលទៅក្នុងដែកពុម្ពសសរបេតុងមានមុខកាត់ ២៥ សង់ទីម៉ែត្រ និង ជម្រៅរហូតទៅដល់ ៣៥ ម៉ែត្រ នៅការដ្ឋានសំណង់មួយកន្លែង តាំងពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ មកម្ល៉េះ ខណៈដែលគេបានដើរទៅរើសដែកនៅទីនោះ។
យ៉ាងណាមិញ ខាងអាជ្ញាធរជាច្រើន ក៏បានខ្វែងដៃខ្វែងជើងចុះទៅជួយសង្រ្គោះទាំងថ្ងៃទាំងយប់ផងដែរ ដោយបានប្រើវិធី ក៏ដូចជាឧបករណ៍ផ្សេងៗជាជំនួយផងដែរ តែពិតមិនមែនជារឿងងាយស្រួលឡើយ ព្រោះជម្រៅក៏ជ្រៅ ទំហំក៏តូចចង្អៀត។
បើទោះជាខាងអាជ្ញាធរខិតខំសង្រ្គោះយ៉ាងណាក៏ដោយ ក៏មិនទាន់ពេលវេលាដែរ ដោយនៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ ព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរូបនេះបានបាត់បង់ជីវិតនៅក្នុងនោះបាត់ទៅហើយ ដោយសារតែជាប់យូរថ្ងៃ ហើយរូបគេក៏មានរបួស ព្រមទាំងគ្មានអុកស៊ីសែនគ្រប់គ្រាន់។ យ៉ាងណាមិញ អាជ្ញាធរក៏នៅតែបន្តប្រតិបត្តិការនាំយកសាកសពរបស់គេឡើងមកវិញ ដើម្បីមកធ្វើពិធីបុណ្យតាមប្រពៃណីផងដែរ៕