សម្ដេចតេជោ ហ៊ុន សែន សម្រេចដកតំណែងអភិបាលរងខេត្តកែបដែលបានប្រើហិង្សា និងបៀតបៀនស្រ្តីពីរនាក់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដកតំណែងលោក ភូ លិ ពីអភិបាលរងខេត្តកែប ក្រោយពីអភិបាលរងខេត្តរូបនេះ បានប្រើអំពើហិង្សា និងព្យាយាមបៀតបៀនលើស្រ្តី២រូប នៅក្នុងពិធីជប់លៀងឡើងកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តនេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។ នេះបើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី៣១ ខែធ្នូនេះ។
ស្រ្តីរងគ្រោះដែលត្រូវបានលោកភូ លិ ប្រើហិង្សាដាក់មានឈ្មោះខូវ ហ៊ុយឡាំង បានទៅចូលរួមកម្មវិធីពិសារអាហារសាមគ្គី អបអរសាទរការចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តកែប កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ លុះដល់ម៉ោងប្រហែល៧កន្លះយប់ បន្ទាប់ពីអភិបាលរងខេត្តរូបនេះបានក្រេបទឹកប្តូរនិស្ស័យរហូតស្រវឹងជោគជាំហើយនោះ គឺលោកភូ លិ បានថើបក្បាលនារីម្នាក់ ជាសាច់ញាតិរបស់ឈ្មោះលោកស្រីខូវ ហ៊ុយឡាំង ដែលមើលទៅមិនសាកសមនោះឡើយ។ ក្រោយត្រូវអភិបាលរងខេត្តរូបនេះថើបហើយ ស្ត្រីដែលរងការបៀតបៀននេះ បាននិយាយទៅកាន់ លោកភូ លិ ថា ធ្វើអញ្ចឹងមិនសមទេ កុំធ្វើចឹងមិនត្រឹមត្រូវទេ។
បើតាមអ្នកដែលបានឃើញហេតុការណ៍បន្តថា ក្រោយនារីរងការបៀតបៀននិយាយបែបនេះ លោកភូ លិ ក៏បានដើរចេញទៅតុរបស់លោកវិញ។ មួយសន្ទុះក្រោយមក ស្រាប់តែដើរត្រលប់មកម្ដងទៀត ទើបជនរងគ្រោះ ឈ្មោះខូវ ហ៊ុយឡាំង និងស្ត្រីរងការបៀតបៀន ព្រមទាំងអ្នករួមតុដទៃទៀត ក្រោកដើរចេញពីតុអាហារបម្រុងត្រលប់ទៅផ្ទះ ស្រាប់តែលោកភូ លិ យកកែវស្រាគប់លើឈ្មោះខូវ ហ៊ុយឡាំង បែកក្បាល ឈាមស្រោចខ្លួនដេរប្រមាណ១៦ថ្នេរតែម្ដង៕