សម្ដេច ហ៊ុន សែន ចេញសារសំឡេងទាំងយប់ កម្ពុជានឹកបើកឱ្យមានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី ៦
កាលពីយប់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ នៅក្នុងសារសំឡេងពិសេសមួយរបស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កម្ពុជានឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី ៦ ដល់មន្ត្រីរាជការ អាជ្ញាធរ និង ប្រជាពលរដ្ឋទូទៅ ដើម្បីរឹតបន្តឹងភាពស៊ាំ ខណៈដែលជំងឺរាតត្បាតនៅតែកើតមាននៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។
នៅក្នុងសារសំឡេងរបស់សម្ដេច ហ៊ុន សែន នោះដែរ សម្តេចក៏បានបញ្ជាក់ទៀតថា កុមារអាយុពី ៣ ទៅក្រោម ៥ ឆ្នាំ ក៏នឹងទទួលបានការចាក់លើកទី ៤ ខណៈក្មេងអាយុពី ៥ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ នឹងទទួលបានការចាក់លើកទី ៥ ហើយក្នុងនោះសម្ដេចក៏បានសង្កត់ធ្ងន់យ៉ាងដូច្នេះទៀតថា «នេះគឺដើម្បីធានាសុវត្ថិភាព និង សុខភាពរបស់ប្រជាពលរដ្ឋយើង ព្រោះវ៉ាក់សាំងគឺជាជម្រើសតែមួយគត់ ដើម្បីជួយកាត់បន្ថយហានិភ័យនៃការឆ្លង និង ភាពធ្ងន់ធ្ងរនៃជំងឺ»។
បន្ថែមពីនោះសម្តេចតេជោក៏បានប្រាប់បន្ថែមថា សម្តេចបានឯកភាពលើគោលការណ៍បន្តចាក់វ៉ាក់សាំងរៀងរាល់ ៦ ខែម្តង បន្ទាប់ពីចាក់លើកចុងក្រោយ និង បានណែនាំឱ្យគណៈកម្មការជាតិ Ad-hoc ទទួលថ្នាំបង្ការជំងឺកូវីដ-១៩ អនុវត្តទៅតាមផែនការ ព្រមទាំងបានបញ្ជាក់សាជាថ្មីថា កម្ពុជាមានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់គ្រាន់ហើយ ដោយបច្ចុប្បន្ននេះមានវ៉ាក់សាំងចំនួន ៧ លានដូសក្នុងស្តុកជាតិ តែមិនរាប់បញ្ចូលចំនួន ២០ លានផ្សេងទៀត ដែលមិនទាន់មកដល់កម្ពុជានៅឡើយ។
គួរបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិ Ad-hoc សម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ គិតត្រឹមថ្ងៃទី ២៨ ខែធ្នូ ជាង ៩០% នៃប្រជាជនកម្ពុជាសរុបចំនួន ១៦ លាននាក់បានទទួលការចាក់ថ្នាំជាមូលដ្ឋាន ខណៈដែលជាង ១០.៤ លាននាក់ទៀត បានទទួលការចាក់លើកទី ៣ ហើយប្រហែល ៤.៧ លាននាក់ និង ១.២ លាននាក់បានទទួលការចាក់លើកទី ៤ និង ទី ៥ រៀងគ្នា៕
ប្រភព៖ ក្រសួងព័ត៌មាន