ពោងសុវត្ថិភាពចំនួន៦រយពោង ត្រូវបានដាក់ពង្រាយនៅតាមបណ្ដោយឆ្នេរអូត្រេះ និងឆ្នេរអូរឈើទាល

ព្រះសីហនុ៖ ដើម្បីសុវត្ថិភាពភ្ញៀវទេសចរណ៍ទាំងជាតិអន្តរជាតិមកលេងលំហែនៅក្នុងក្រុងព្រះសីហនុលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថាបច្ចុប្បន្នមន្ទីរបានដាក់ពង្រាយពោងសុវត្ថិភាពចំនួននួន ៦រយពោងចាប់ពីឆ្នេរអូឈើទាល១ ឆ្នេរអូរឈើទាលទី ២និង ឆ្នេរអូត្រេះស្ថិតនៅក្នុងសង្កាត់លេខ ៤ក្រុងព្រះសីហនុ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តក៏បានបញ្ជាក់បន្ថែមថាការដាក់ពោងទាំងនេះក្នុងគោលបំណងដើម្បីកំណត់សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិងូតទឹកកំសាន្តបញ្ជៀសពីការបើកបរ ដោយម៉ូតូទឹក ទូក កប៉ាល់ ហាមមិនឱ្យបើកចូលនៅក្នុងបរិវេណពោងសុវត្ថិភាពដែលអាចបង្កគ្រោះថ្នាក់ដល់បងប្អូនភ្ញៀវទេសចរណ៍ងូតទឹកកំសាន្ត។

ជាមួយគ្នានេះផងដែរលោកប្រធានមន្ទីរក៏បានបញ្ជាក់បន្ថែមថាក្រៅពីពោងសុវត្ថិភាពមន្ទីរទេសចរណ៍បានរៀបចំសណ្តាប់ធ្នាប់អនាម័យបរិស្ថានតំបន់ឆ្នេរក៏ដូចជាទីតាំងទេសចរណ៍នានាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមកលេងកម្សាន្តព្រោះខេត្តព្រះសីហនុនៅថ្ងៃទី៩ដល់ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២២នាពេលខាងមុខនេះគឺមានព្រឹត្តិការណ៍សំខាន់ៗដូចជាមហាសន្និបាតក្លឹបឆ្នេរស្អាតនិងពិធីបុណ្យសមុទ្រដែលនឹងមានភ្ញៀវទេសចរណ៍ទាំងជាតិអន្តរជាតិមកលេងច្រើន។

ដូចនេះហើយមន្ទីរតម្រូវឲ្យមានការចូលរួមពីវិស័យឯកជនបងប្អូនអាជីវករប្រតិបត្តិករក្នុងវិស័យទេសចរណ៍ចូលរួមថែរក្សាអនាម័យបរិស្ថានរក្សាតម្លៃគុណភាពសេវាកម្មដឹកជញ្ជូនរៀបចំសោភ័ណភាពឲ្យបានស្អាតក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍មកលេងឲ្យបានកាន់តែច្រើន៕