សម្ដេច ហ៊ុន សែន ប្រកាសនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឡើងវិញ នៅថ្ងៃបុណ្យចូលខ្មែរ ឆ្នាំ ២០២៣
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកីឡាជាតិលើកទី ៣ និង កីឡាជាតិប៉ារ៉ាហ្គែមលើកទី ១ នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងបន្តប្រារព្ធពិធីអង្គរសង្ក្រាន្ត ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំប្រារព្ធឡើងក្នុងខេត្តសៀមរាប ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅឆ្នាំ ២០២៣ ខាងមុខនេះ។
សម្ដេចបានមានប្រសាសន៍បន្ថែមថា ៖ «ខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិជាទីរាប់អានទាំងអស់ថា អង្គរសង្ក្រាន្តនឹងចាប់ផ្តើមឡើងវិញក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅខែមេសា ឆ្នាំ ២០២៣។ ខ្ញុំសង្ឃឹមថា គុនល្បុក្កតោនឹងក្លាយជានិមិត្តសញ្ញាសំខាន់នៃការជួបជុំគ្នានៅអង្គរសង្ក្រាន្ត»។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក៏បានថ្លែងអំណរគុណដល់បុព្វបុរសដែលបានបន្សល់ទុកនូវកេរមរតកនេះ និង អត្តពលិក ហើយនឹងគ្រូបង្វឹក ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការការពារអត្តសញ្ញាណជាតិនេះ ដោយបានកោតសរសើរដល់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង អ្នកពាក់ព័ន្ធដទៃទៀត ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យការចុះបញ្ជីគុនល្បុក្កតោចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្លាយជាការពិត៕