ភ្ញាក់ផ្អើល! ផូស៊ីលឆ្អឹងដាយណូស័រដំបូងនៅកម្ពុជា ត្រូវអ្នកជំនាញសន្និដ្ឋានថា ស្ថិតក្នុងអម្បូរប្រភេទនេះ
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ផូស៊ីលឆ្អឹងដាយណូស័រមួយបំណែក ត្រូវបានរកឃើញនៅតំបន់ការពារធម្មជាតិកោះប៉ោ ក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
បើតាមការឱ្យដឹងពី អ្នកជំនាញអន្តរជាតិ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន មន្ត្រីជំនាញនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: និងស្ថាប័នពាក់ព័ន្ធ បានបញ្ជាក់ឱ្យដឹងថា ផូស៊ីលឆ្អឹងដាយណូស័រដំបូងនៅកម្ពុជា ដែលបានរកឃើញនៅខេត្តកោះកុង គឺស្ថិតនៅក្នុងអម្បូរ Sauropod Dinosaur។
អ្នកជំនាញបានបញ្ចាក់ឱ្យដឹងទៀតថា ផូស៊ីលនេះ គឺជាឆ្អឹងស្មងជើងខាងឆ្វេងរបស់ដាយណូស័រមួយប្រភេទ មានប្រវែង ៧០ ស.ម និងទទឹង ២០ ស.ម ដែលអាចមានអាយុកាល ៦៥ លាន-១៩០ លានឆ្នាំមុន។
ដោយឡែក តាមរយៈផែនទីភូគព្ភសាស្ត្រ តំបន់ដែលបានប្រទះឃើញផូស៊ីលឆ្អឹងសត្វនេះ មានអាយុកាលក្នុងស័កទី ២ (៦៥លាន-១៩០លានឆ្នាំមុន) មានន័យថា វាអាចមានទំនាក់ទំនង នឹងសត្វដែលរស់នៅក្នុងពេលដាយណូស័រនៅមានជីវិត៕
ប្រភព ៖ ក្រសួងបរិស្ថាន