មេដឹកនាំកូរ៉េខាងជើង Kim Jong Un ដឹកដៃកូនស្រីបង្ហាញមុខជាសាធារណៈលើកដំបូង
មេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un ថ្មីៗនេះ បានធ្វើការបង្ហាញរូបរាង និង មុខមាត់កូនស្រីវ័យ ៩ ឆ្នាំរបស់លោកឱ្យពិភពលោកបានឃើញជាលើកដំបូង ខណៈពេលរូបលោក និង ក្រុមគ្រួសារ បានអញ្ជើញចូលរួមដំណើរការបាញ់ម៉ីស៊ីលប៉ាលេស្ទីកអន្តរទ្វីបថ្មីមួយ។
គួរឱ្យដឹងថាកាលពីមុន មេដឹកនាំរូបនេះ ក៏ធ្លាប់បានទម្លាយល្ហៀងៗជុំវិញរឿងរ៉ាវកូនៗរបស់លោក ហើយក៏មានការចង់ដឹងពីអត្តសញ្ញាណកូនស្រីច្បងរបស់លោកផងដែរ ប៉ុន្តែនេះគឺជាលើកដំបូងហើយ ដែលសារព័ត៌មានជាតិ KCNA បានទម្លាយលម្អិតពីរូបរាងរបស់នាងនោះ។
តាមរយៈរូបភាពដែលបានទម្លាយ បានបង្ហាញឱ្យឃើញថា ក្មេងស្រីដ៏ស្រស់ស្អាតរូបនោះ គឺបានដើរកាន់ដៃឪពុករបស់នាងជាមួយទឹកមុខញញឹមពព្រាយ អំឡុងពេលពួកគេដើរពិនិត្យមើលគ្រឿងសភាវុធនៅបន្ទាយកងទ័ព ក៏ដូចជា ការឈរមើលការបាញ់ម៉ីស៊ីលប៉ាលេស្ទីក ពីចម្ងាយផងដែរ។
គួរបញ្ជាក់ថា ចំពោះឈ្មោះរបស់កូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះ គឺមិនមានព័ត៌មានណាទម្លាយឱ្យបានដឹងឡើយ ប៉ុន្តែបើតាមអ្នកជំនាញបានគិតថា នាងអាចមានឈ្មោះថា Kim Ju-ae៕