ដឹងការពិតហើយ! យន្តហោះម៉ាឡេស៊ី MH 17 ដែលធ្លាក់កាលឆ្នាំ ២០១៤ គឺដោយសារត្រូវគ្រាប់ម៉ីស៊ីលរបស់រុស្ស៊ី
ក្រុមគ្រួសារសាច់ញាតិនៃជនរងគ្រោះទាំង ២៨៩ នាក់លើយន្តហោះម៉ាឡេស៊ី MH 17 បាននាំគ្នាយំឱបគ្នា ក្រោយតុលាការហូឡង់ បានធ្វើការប្រកាសសាលក្រមផ្ដន្ទាទោសបុរសចំនួន ៣ នាក់ពីបទធ្វើឃាតជនរងគ្រោះទាំងនោះ។
នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ អតីតភ្នាក់ងារស៊ើបការសម្ងាត់សញ្ជាតិរុស្ស៊ីចំនួន ២ នាក់ឈ្មោះ Igor Girkin និង Sergey Dubinsky រួមនឹងជនជាតិអ៊ុយក្រែនម្នាក់ទៀតឈ្មោះ Leonid Kharchenko ត្រូវបានតុលាការសម្រេចចិត្តផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ជុំវិញបទឧក្រិដ្ឋបញ្ជាបាញ់ម៉ីស៊ីលផលិតឡើងនៅរុស្ស៊ីមួយ ទៅលើយន្តហោះ MH 17។ ដោយឡែកចំពោះជនសង្ស័យទី ៤ ឈ្មោះ Oleg Pulatovដែលជាអតីតភ្នាក់ងារស៊ើបការសម្ងាត់របស់រុស្ស៊ីដែរនោះ ត្រូវបានតុលាការលើកលែងការចោទប្រកាន់ ដោយសារតែមានភស្តុតាងមិនគ្រប់គ្រាន់។
ការចេញប្រកាសសាលក្រមរបស់តុលាការនេះដែរ បានធ្វើឱ្យក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះទាំងនោះ យំឱបគ្នាដោយការអស់ចិត្តខ្លះ ព្រោះថាទីបំផុត យុត្តិធម៌ត្រូវបានផ្ដល់ដល់មនុស្សជាទីស្រឡាញ់របស់គេហើយ ក្រោយវែកមុខរកឃាតកមកផ្ដន្ទាទោសបាន។
គួររំឭកថា កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤ យន្តហោះដឹកអ្នកដំណើរ Boeing 777 ដែលហោះហើរចេញពីក្រុង Amsterdam ទៅទីក្រុង Kuala Lumpur ត្រូវបានផ្ទុះធ្លាក់ពីលើអាកាសមកលើប្រទេសអ៊ុយក្រែន ដែលបណ្ដាលឱ្យអ្នកដំណើរ និង បុគ្គលិកបម្រើការលើយន្តហោះទាំង ២៨៩ នាក់បាត់បង់ជីវិតទាំងអស់៕