បន្តិចទៀត កម្ពុជានឹងមានផ្លូវល្បឿនលឿនទី ២ ភ្ជាប់ពីភ្នំពេញទៅក្រុងបាវិត គ្រោងបើកការដ្ឋាននៅឆ្នាំ ២០២៣
នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ជាមួយលោក Chen Zhong អគ្គនាយករង នៃក្រុមហ៊ុន China Communications Construction Group Co., Ltd. (CCCG)។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា និង ការអភិវឌ្ឍសេដ្ឋកិច្ច នាពេលអនាគតរបស់កម្ពុជា ដោយបន្តកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងគម្រោងសាងសង់ផ្លូវល្បឿនលឿនទី ២ តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ខណៈលោក Chen Zhong ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រសម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលនឹងក្លាយជាកត្តាជំរុញការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ច។
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណជា ១៣៨ គ.ម ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី ៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និង ខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ គម្រោងនេះរួមបញ្ចូលទាំងការសាងសង់ស្ពានផ្លូវឆ្លងកាត់ទន្លេមេគង្គប្រវែងប្រមាណ ៥ គ.ម គ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៣ និង បញ្ចប់គម្រោងឱ្យរួចរាល់នៅបំណាច់ឆ្នាំ ២០២៦ ឬ ដើមឆ្នាំ ២០២៧ ដោយត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ ១៦៣៨ លានដុល្លារអាមេរិក។
បច្ចុប្បន្ននេះ ក្រុមការងារអន្តរក្រសួង រួមជាមួយក្រុមហ៊ុន កំពុងពិនិត្យកែសម្រួលឱ្យរួចរាល់ចំណុចសេសសល់មួយចំនួន ក្នុងកិច្ចព្រមព្រៀងសម្បទាន ដើម្បីឈានទៅរកសេចក្តីសម្រេចរួមជាផ្លូវការ ហើយគ្រោងនឹងចុះហត្ថលេខា ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាដើមឆ្នាំ ២០២៣ ខាងមុខ៕