កម្ពុជា និង ចិន ឯកភាពបង្កើតកម្មវិធីរៀនភាសាចិន ថ្នាក់មធ្យមសិក្សានៅសាលារដ្ឋ ថ្នាក់ទី ៧ ដល់ ១២
កាលពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅមានឯកសារសំខាន់ៗចំនួន ១៨ ត្រូវបានចុះហត្ថលេខាជាមួយនឹងពិធីសម្ភោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿន រាជធានីភ្នំពេញ – ក្រុងព្រះសីហនុ តំបន់គម្រោងបង្ហាញការបញ្ចេញកាបូនិចខេត្តព្រះសីហនុ និង វិទ្យាស្ថាន ខុងជឺ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យាសាស្រ្តកម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកត្ដម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធាររដ្ឋប្រជាមានិតចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះដែរ កម្ពុជា – ចិន ក៏បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាក្នុងការអភិវឌ្ឍ កម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ១២ នោកម្ពុជា។ លើសពីនេះក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ និង ផ្លូវតភ្ជាប់ និង គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ (ស្គន់ – កំពង់ចាម) ផងដែរ។
ដោយឡែកក្នុងជំនួបទ្វេភាគីនេះ នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និង ចិន គឺជាទំនាក់ទំនងស៊ីជម្រៅគ្រប់វិស័យ ហើយលោកមានសេចក្ដីសោមនស្សរីករាយចំពោះទំនាក់ទំនងនេះ និង បានបង្ហាញនូវក្ដីសាទរជាខ្លាំងដែលឃើញកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស៕