ស្លាប់ភ្លាមៗក្រោមកង់ឡានដឹកដី ខណៈពេលកំពុងជិះម៉ូតូដោយមិនដឹងខ្លួន ស្រាប់តែឡានបើកមកចូលគន្លងម៉ូតូ បុកគៀរពីក្រោយ រួចកិនពីលើទាំងម៉ូតូទាំងមនុស្សអូសប្រហែល៣០ម៉ែត្រ
រាជធានីភ្នំពេញ ៖ ពិតជាគួរឲ្យអាសូរ! បុរសម្នាក់បានស្លាប់ភ្លាមៗក្រោមកង់រថយន្តបែនដឹកដី ខណៈពេលកំពុងជិះម៉ូតូដោយមិនដឹងខ្លួន ស្រាប់តែត្រូវរថយន្តបែនដឹកដីធុនធំមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3D-1271 បើកមកចូលគន្លងម៉ូតូរួចបុកគៀរពីក្រោយ ហើយកិនពីលើទាំងម៉ូតូទាំងមនុស្សអូសទៅជាមួយគ្នា ប្រហែល៣០ម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះបានកើតមានឡើងនៅវេលាម៉ោង១០:៥០នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ នៅត្រង់ចំណុចជិតតបន្ទាយកងពលតូចលេខ៧០ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពបុរសជនរងគ្រោះមានឈ្មោះ អ៊ួង សុភា ភេទប្រុស កើតឆ្នាំ១៩៩៨១ មុខមានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ពាក់ស្លាកលេខភ្នំពេញ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបែនដឹកដី ធុនធំមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3D-1271 បើកមកចូលគន្លងម៉ូតូរួចបុកគៀរពីក្រោយ ហើយកិនពីលើទាំងម៉ូតូទាំងមនុស្សអូសទៅជាមួយគ្នា ប្រហែល៣០ម៉ែត្រ បណ្តាលឲ្យសិស្សសាលានោះស្លាប់ៗក្រោមកង់រថយន្ត គួរឲ្យអាសូរខ្លាំងមែនទែន ខណៈដែលសពត្រូវបានបែកសាច់ខ្ទេច គួរអោយអាណោចអាធម៍មែនទែន ចំណែកឯតៃកុងរថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តកិនជាប់មនុស្សនិងម៉ូតូក្រោមកង់រថយន្តនៅកន្លែងកើតហេតុ។
កំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរតាមបណ្ដោយផ្លូវខាងលើនេះផងដែរ ហើយក៏មានវត្តមានរបស់សមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍កុំអោយមានការកកស្ទះនៅកន្លែងកើតហេតុ។
បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៏ក្រុងមកវាស់វែងយកម៉ូតូនិង រថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ចំណែកសាកសពសមត្ថកិច្ចប្រគល់ឱ្យខាងដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរងចាំសាច់ញាតិស្វែងរកក្រុមគ្រួសារមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕