កម្ពុជាត្រៀមកងកម្លាំងជាង១ម៉ឺននាក់ សម្រាប់ការពារសន្ដិសុខ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ កម្ពុជាត្រៀមកងកម្លាំងជាង១ម៉ឺននាក់ ​​ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំបណ្ដាប្រទេស និងស្ថាប័ននានា ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ​បានឲ្យដឹងថា សម្រាប់កងកម្លាំងដែលត្រៀមខ្លួនការពារ​ មានចំនួនប្រមាណជាង១.២ម៉ឺននាក់ ក្នុងនោះមានទាំងកងកម្លាំងនគរបាលជាតិ, កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទផងដែរ ហើយកងកម្លាំងទាំងអស់នេះ គឺមកពីបណ្ដាអង្គភាព និងស្ថាប័ន ចំនួន១៤។ ចំពោះមុខនេះ គឺកងកម្លាំងកម្ពុជាមានសមត្ថភាពគ្រប់គ្រងក្នុងការរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ។

​លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បន្ថែមថា ក្រៅពីកងកម្លាំងរបស់ជាតិហើយនោះ កម្ពុជាក៏ទទួលបានការគាំទ្រ និងសហការក្នុងការផ្លាស់ប្ដូរព័ត៌មានផ្នែកសន្តិសុខ ដើម្បីទប់ស្កាត់នូវបញ្ហាភេរវកម្ម និងផ្លាស់ប្ដូរព័ត៌មានដែលពាក់ព័ន្ធដល់កិច្ចការពារកិច្ចប្រជុំកំពូលអាស៊ាន រួមទាំងការសន្យាផ្ដល់បទពិសោធន៍ ផ្ដល់ការបណ្តុះបណា្ដល ដើម្បីជួយគាំទ្រដល់កិច្ចការពារកិច្ចប្រជុំកំពូលអាស៊ាននេះ ពីបណ្ដាភាគីមិត្តផងដែរ។

យ៉ាងណាមិញ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នៅនាយកដ្ឋានអង្គរក្ស កាលពីសប្ដាហ៍កន្លងទៅនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានគូសបញ្ជាក់ដែរថា កងកម្លាំង និងអាជ្ញាធរសមត្ថកិច្ចទាំងអស់បានត្រៀមខ្លួនរួចជាស្រេចទាំងកម្លាំងសរុប មធ្យោបាយសរុប ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានដាច់ខាតជូនថ្នាក់ដឹកនាំកំពូលៗលើពិភពលោក និងថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន ដែលនឹងមកចូលរួមកិច្ចប្រជុំ នៅកម្ពុជាកម្ពុជា។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ផ្ដើមថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយដោយកិច្ចប្រជុំនេះ នឹងមានថ្នាក់ដឹកនាំកំពូលពិភពលោក និងស្ថាប័នអន្តរជាតិជាច្រើ​នចូលរួម៕