រដ្ឋបាលខណ្ឌ បកស្រាយករណីហិង្សាលើម្ចាស់រទេះអេតចាយ ខណៈក្រុមការងារម្នាក់ត្រូវដកបញ្ឈរជើង ផ្អាកប្រាក់ខែ ០៦ ខែ
នាពេលថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គម ផ្ទុះការភ្ញាក់ផ្អើល និង វែកញែកព្រោងព្រាតពីករណីអំពើហិង្សាកើតឡើងលើអ្នកអូសរទេះអេតចាយ និង ក្រុមការងារសណ្ដាប់ធ្នាប់ចរាចរណ៍ នៅលើដងវិថីក្នុងខណ្ឌ ៧ មករា រាជធានីភ្នំពេញ។
ជុំវិញរឿងរ៉ាវខាងលើ នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២២ រដ្ឋបាលខណ្ឌ ៧ មករា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ១៥ និង ៣០ នាទី ក្រុមការងារចំនួន ០៤ នាក់ បានចុះរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍លើកំណាត់ផ្លូវលេខ ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧ មករា ដែលមានការចតយានជំនិះ រទេះអេតចាយ និង រទេះលក់ទំនិញ ផ្សេងៗលើទ្រូងថ្នល់នៃកំណាត់ផ្លូវនេះ។
រដ្ឋបាលខណ្ឌបន្តថា ក្នុងកំឡុងពេលនៃការរៀបចំសណ្តាប់ធ្នាប់ ក្រុមការងារបានផ្សព្វផ្សាយណែនាំតាមឧគ្ឃោសនសព្ទឱ្យម្ចាស់យានជំនិះ និង រទេះដែលចតលើកំណាត់ផ្លូវ ១៦៤ ឱ្យយកយានជំនិះ និងរទេះរបស់ខ្លួនចេញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បានល្អប្រសើរ ដែលរំពេចនោះក៏មានយុវជនម្នាក់ដែលជាម្ចាស់រទេះអេតចាយ បានធ្វើសកម្មភាពជេរប្រមាថមកលើក្រុមការងារដោយមិនព្រមយករទេះចេញពីលើទ្រូងថ្នល់ ហើយក្រុមការងារក៏បានព្យាយាមនាំយករទេះ និង យុវជនម្នាក់នោះមកអប់រំ។
រដ្ឋបាលខណ្ឌ បានឱ្យដឹងទៀតថា យុវជនជាម្ចាស់រទេះអេតចាយមិនព្រម ថែមទាំងបន្តជេរប្រមាថមកលើក្រុមការងារ ក៏បានកើតមានការប្រតាយប្រតប់គ្នាទៅវិញទៅមករហូតដល់មានការប្រើអំពើហិង្សាបន្តិចបន្តួច។ ក្រោយកើតហេតុ រដ្ឋបាលខណ្ឌបានជួបជាមួយបុរសជាម្ចាស់រទេះអេតចាយ ជាមួយគ្នានេះដែរបុរសរូបនោះ បានសុំទោស និង ទទួលស្គាល់កំហុស មិនមានការប្តឹងផ្តល់អ្វីឡើយ ហើយក្រុមការងារដែលបានប្រព្រឹត្តកំហុស ឈ្មោះ ឆាំ ឆាន រដ្ឋបាលខណ្ឌបានធ្វើការអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល ៦ ខែ និង ដាក់ពិន័យ ទៅតាមច្បាប់ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖