សហរដ្ឋអាមេរិក បានដឹករថយន្តប្រធានាធិបតី មកដល់កម្ពុជាហើយ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

ភ្នំពេញ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានឱ្យដឹងថា សហរដ្ឋអាមេរិក បានដឹករថយន្ត​និងសម្ភារមួយចំនួនមកដល់ប្រទេសកម្ពុជា សម្រាប់ការពារប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន ​បានលើកឡើងដូចនេះ ក្នុងកាស​អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សរុបជាង ៦ពាន់នាក់ ​នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបញ្ជូនរថយន្ត និងសម្ភាការពារសន្តិសុខ របស់ប្រធានាធិបតីមកកាន់ប្រទេសណាមួយនោះ វាជាទម្លាប់របស់អាមេរិក មិនមែនសម្រាប់តែមកកម្ពុជាមួយនោះទេ។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយឡែកសម្រាប់បណ្តាថ្នាក់ដឹកនាំប្រទេសដទៃទៀត គឺប្រើប្រាស់រថយន្តដែលរៀបចំដោយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២។

គួរជម្រាបថា កាល់ពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ យន្តហោះ U.S Air Force របស់អាមេរិកចំនួន២គ្រឿង បានដឹកនាំរថយន្តចំនួន២គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់ការពារសុវត្ថិភាពជូនលោក ចូ បៃដិន ខណៈលោកនឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា៕