គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងក្លាយជាផ្លូវល្បឿនលឿនទី២ នៅកម្ពុជា
ភ្នំពេញ៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងក្លាយជាផ្លូវល្បឿនលឿនទីពីរ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ទាក់ ទងនឹងកិច្ចព្រមព្រៀងសម្បទានសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សារិះរកដំណោះស្រាយធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារគ្រប់ជ្រុងជ្រោយ អាចទទួលយកបាន និងអាចអនុវត្តដោយរលូននៅពេលអនាគត ប្រកដោយគុណភាព និងប្រសិទ្ធភាពការងារខ្ពស់ ជាពិសេសដើម្បីជំរុញឱ្យគម្រោងការងារនេះអាចសម្រេចបានតាម ផែនការដែលបានគ្រោងទុក។
អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើចំណុចសំខាន់ៗមួយចំនួនដែលមិនទាន់ទទួលបានការសម្រេចជាផ្លូវការ ជាពិសេសការវិភាគលើការព្យាករណ៍ទំហំចរាចរណ៍ ដែលនឹងអាចកើតមាននៅពេលអនាគត។
សូមជម្រាបជូនថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតខ្សែទីពីរនេះ នឹងក្លាយជាខ្សែផ្លូវដ៏សំខាន់មួយទៀត សម្រាប់បម្រើឱ្យសកម្មភាពដឹកជញ្ជូន និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម ផងដែរ៕