បុរសជាសន្តិសុខឯកជនម្នាក់ ត្រូវបានប្រពន្ធប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ ៖ បុរសរងគ្រោះនេះ មានឈ្មោះ យ៉ុង ប៊ុនធឿន អាយុ៤៣ឆ្នាំ ជាសន្តិសុខនៅផ្សារទំនើបមួយកន្លែង មានប្រពន្ធឈ្មោះ ឃឹម សុខុន អាយុ៤២ឆ្នាំ ជាអ្នកអនាម័យនៅក្នុងផ្សារទំនើបជាមួយគ្នា ស្នាក់នៅបន្ទប់ជួលជាមួយគ្នា មានស្រុកកំណើតជាមួយគ្នានៅភូមិឃុំដំរា ស្រុក អូរាំងឪ ខេត្តត្បូងឃ្មុំ។
កាលពី យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចបន្ទប់លេខK9 ស្ថិតក្នុងផ្សារដើមអំពិល ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា ពួកគាត់បានស្គាល់គ្នា និងចាប់ផ្ដើមមករួមរស់នៅជាមួយគ្នានៅក្នុងបន្ទប់កើតហេតុចាប់តាំងពីខែមិថុនា ហើយពួកគាត់មានគំរោងរៀបចំពិធីមង្គលការនៅខែធ្នូខាងមុខនេះ។ ដោយរយៈពេលកន្លងមក ពួកគាត់ស្នាក់នៅបន្ទប់ជួលតែពីរនាក់ ហើយប្តីរបស់គាត់ធ្វើការនៅពេលយប់ចូលម៉ោង៨យប់ចេញម៉ោង៨ព្រឹក ចំណែកឯគាត់វិញធ្វើការនៅពេលថ្ងៃ។
កន្លងមក ប្តីរបស់គាត់មិនធ្លាប់មានជំងឺប្រចាំកាយអ្វីនោះទេ ប៉ុន្តែពីរបីថ្ងៃមុនថ្ងៃកើតហេតុ ប្តីរបស់គាត់បានប្រាប់ថា ចេះតែមានអាការៈស្ពឹកស្រពន់ ចំណែកគាត់ជាប្រពន្ធក៏បានដេញប្តីអោយទៅពេទ្យដែរ តែគាត់មិនព្រមទៅ។ លុះដល់ព្រឹកថ្ងៃកើតហេតុ ពេលប្តីគាត់ត្រឡប់មកពីធ្វើការ រួចហូបបាយ និងមានអាការៈធម្មតា ហើយប្តីគាត់ក៏បានចងអង្រឹងដេកនៅក្នុងបន្ទប់ជួល ចំណែករូបគាត់ជាប្រពន្ធវិញបានចេញទៅធ្វើការជាធម្មតា។ លុះដល់វេលាកើតហេតុ ដោយសារតែមិនឃើញប្តីរបស់ខ្លួនទៅឌុបគាត់ចេញពីកន្លែងធ្វើការ ហើយទូរស័ព្ទទៅក៏មិនលើកទៀត ទើបគាត់ជាប្រពន្ធប្រញាប់ប្រញាល់ចេញពីធ្វើការត្រឡប់ទៅបន្ទប់ជួលវិញ។ នៅពេលទៅដល់ គាត់ក៏បានបើកទ្វារបន្ទប់ជួលចូលទៅមើល ស្រាប់តែឃើញប្តីគាត់ (ជនរងគ្រោះ) ដេកលើអង្រឹងធ្លាក់.ក មកខាងក្រៅ និងមានឈាមហូរតាមច្រមុះទៀត។ ពេលនោះគាត់ក៏បានស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ និងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍តែម្តង តែនៅពេលរថយន្តសង្គ្រោះបន្ទាន់បានមកដល់ ហើយក្រុមគ្រូពេទ្យក៏ពិនិត្យឃើញថា ប្តីគាត់ (ជនរងគ្រោះ) បានស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារតែខ្យល់គ។ បន្ទាប់ពីត្រួតពិនិត្យរួច សមត្ថកិច្ចក៏បានប្រគល់សពជនរងគ្រោះអោយទៅប្រពន្ធដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕