ប្រធានមន្ទីរបរិស្ថានកោះកុង បញ្ជាក់លម្អិតករណីសន្និដ្ឋានផូស៊ីល ជាឆ្អឹងសត្វដាយណូស័រ
នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ នេះ តាមរយៈឯកឧត្តម សាយ សំអាល់ បានបង្ហោះរូបភាពឆ្អឹងដ៏ធំមួយ ព្រមទាំងបញ្ជាក់ថា គឺជាឆ្អឹងសត្វដាយណូស័រដំបូងដែលរកឃើញនៅស្រុកខ្មែរ។
ទាក់ទិនទៅនឹងរឿងនេះ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ នេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឱ្យបានដឹងថា ផូស៊ីលឆ្អឹងសត្វដែលត្រូវបានរកឃើញនៅកោះប៉ោ ស្ថិតនៅក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ត្រូវបានសន្និដ្ឋានថាជាឆ្អឹងសត្វដាយណូស័រ។
ទន្ទឹមនេះ លោកប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានបញ្ជាក់បន្ថែមថា ៖ «យើងបានរកឃើញឆ្អឹងនេះប្រមាណមួយឆ្នាំហើយ ហើយក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាន បានចុះមកសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងផូស៊ីលឆ្អឹងសត្វនេះផងដែរ ហើយតាមរយៈនៃការសន្និដ្ឋានជាជំហានដំបូងរបស់ក្រុមជំនាញ ផូស៊ីលនេះជាឆ្អឹងសត្វដាយណូស័រ តែយើងមិនទាន់ដឹងថាជាប្រភេទសត្វអ្វីនោះទេ?»។
ដោយឡែក លោកប្រធានមន្ទីរបរិស្ថាន ពុំបានបញ្ជាក់ថា ឆ្អឹងនោះមានទំហំប៉ុណ្ណានោះទេ តែលោកបានបញ្ជាក់ថាឆ្អឹងនេះមានទំហំធំ ដែលប្រហាក់ប្រហែលនឹងឆ្អឹងស្មងជើងសត្វដំរី។ ដោយឡែកក្រុមការងារស្រាវជ្រាវ នឹងបន្តចុះទៅទីតាំងនេះម្តងទៀតនៅឆាប់ៗខាងមុខនេះ។ លោកបានបន្ថែមថា ៖ «យើងមិនទាន់មានគោលការណ៍ពីក្រសួងថានឹងបន្តរក្សាឆ្អឹងនេះ នៅទីតាំងដើម ឬក៏យកមករក្សាទុកនៅសារមន្ទីរ ឬ នៅក្រសួងបរិស្ថាននៅឡើយទេ?»៕
ប្រភព ៖ AKP