ចាប់បានជនសង្ស័យ ៥នាក់ ជាមុខសញ្ញាជំនាញលួចផ្លាកលេខឡាន និងក្លែងបន្លំឯកសាររថយន្តគ្រប់ទម្រង់
រាជធានីភ្នំពេញ ៖ ជនសង្ស័យ ០៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត នឹងក្លែងបន្លំឯកសារសាធារណៈ ពាក់ព័ន្ធឯកសាររថយន្តគ្រប់ទម្រង់ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចបង្ហាញជាសាធារណៈ នៅព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២ នេះ រួចនឹងបញ្ជូនខ្លួនទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។
សមត្ថកិច្ចឱ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្ដឹង របស់ជនរងគ្រោះ ម្ចាស់ផ្លាកលេខរថយន្ត ត្រូវចោរលួចយកទៅបាត់ កាលពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២២ ។ ចាប់ពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២២ កម្លាំងជំនាញបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ នៅខេត្តកំពង់ឆ្នាំង និងនៅភ្នំពេញ សរុបបាន ៥នាក់ ។
វត្ថុតាងដកហូតរួមមាន ផ្លាកលេខរថយន្ត របស់ជនរងគ្រោះដែលបាត់ចំនួន ២សន្លឹក (ភ្នំពេញ 2BL-0980) រថយន្តម៉ាក តូយ៉ូតាព្រូសចំនួន ០២គ្រឿង, ឯកសារក្លែងសម្រេច និងមិនទាន់សម្រេចមួយចំនួនធំ ដូចជាវិញ្ញាណបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត របស់អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក, លត្រាបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន (ឆៀករថយន្ត), លត្រាបត្ររថយន្ត ទេសចរណ៍ (មីញែត), បណ្ណសម្គាល់រថយន្ត និងបណ្ណបើកបររថយន្ត, លត្រាបត្របង់ពន្ធមធ្យោបាយ ដឹកជញ្ជូន របស់នាយកដ្ឋានពន្ធដារ ( ពន្ធផ្លូវសម្រាប់រថយន្ត) ម៉ាស៊ីនព្រីន ម៉ាស៊ីនហ្វូតូកុំព្យូទ័រ និងវត្ថុតាងបម្រើដល់បទល្មើសមួយចំនួនធំទៀត ។
ជនសង្ស័យទាំង ០៥នាក់ ទី១.ឈ្មោះ ពៅ សំអឿន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរទិញលក់រថយន្ត, ទី២.ឈ្មោះ ភ័ណ្ឌ ផល្លា ភេទប្រុស អាយុ ២៣ឆ្នាំ ជាងមេការនិច, ទី៣.ឈ្មោះ ឡុង ស៊ុនសាវ៉េត ហៅវណ្ណ ភេទប្រុស អាយុ ៣២ឆ្នាំ, ទី៤. ឈ្មោះ សឿង រ៉ាវី ហៅពេជ្រ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបររកស៊ី និងទី៥.ឈ្មោះ ឡុង ស៊ុនសត្យា ហៅយូវ ភេទប្រុស អាយុ ២៨ឆ្នាំ ។
បច្ចុប្បន្នជនសង្ស័យទាំង ០៥នាក់ ត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿង បញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕