ប៉ូលិស ៤ រូបត្រូវបានដកឋានន្តរសក្តិមួយកម្រិត និងបញ្ឈរជើង ៣ ខែ ក្រោយផាកពិន័យអ្នកបើកបរគ្មានកំហុស និងមិនចេញវិក្កយបត្រ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ នេះ បានជូនដំណឹងពីករណីមន្ត្រីចរាចរណ៍នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) និងបញ្ឈរជើង ៣ ខែនៅការិយាល័យបុគ្គលិក។

ចំពោះរឿងរ៉ាវខាងលើ ខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាយបំភ្លឺព័ត៌មាន ឱ្យបានដឹងថា កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ០៩:១៥ នាទីព្រឹក នៅចំណុចគោលដៅស្តុបទន្លេបាសាក់ តាមបណ្តោយមហាវិថីម៉ៅសេទុង មានករណីផាកពិន័យពុំត្រឹមត្រូវ និងមិនចេញវិក្កយបត្រ ប្រព្រឹត្តដោយក្រុមមន្ត្រីនៅគោលដៅនោះ ទៅលើរថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ ខណៈពេលអ្នកបើកបរពុំបានប្រព្រឹត្តល្មើសភ្លើងសញ្ញាចរាចរណ៍ឡើយ (ភ្លើងពណ៌បៃតង) ដោយមានភស្តុតាងជាវីដេអូកាមេរ៉ាភ្ជាប់នៅក្នុងរថយន្ត ពេលកំពុងបើកបរឆ្លងស្តុប។

 

លុះដល់ព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ មានបែកសារជាសំឡេងទទួលកំហុស ដែលលោកអនុសេនីយ៍ទោ ព្រំ ចាន់ដារ៉ា បានយកគណនីហ្វេសប៊ុករបស់លោកអនុសេនីយ៍ឯក ថាច ប៊ុនធឿន ផ្ញើសារទៅកាន់ម្ចាស់រថយន្ត ដើម្បីផ្ទេរប្រាក់ជូនវិញ និងស្នើសុំលុបវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម ប៉ុន្តែត្រូវបានម្ចាស់រថយន្តបដិសេធ។

ទន្ទឹមនោះ បន្ទាប់ពីបានឃើញវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្នងការរងទទួលផែនធនធានមនុស្ស ការិយាល័យបុគ្គលិក ផ្នែកវិន័យ ធ្វើការកោះហៅមន្ត្រីគោលដៅទាំង ៤ រូប មកសួរនាំនៅការិយាល័យ ក្រោយធ្វើការសួរនាំរួច មន្ត្រីទាំង ៤ រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយហៅអ្នកបើកបរធ្វើការផាកពិន័យ មិនចេញវិក្កយបត្រ ស្របពេលដែលអ្នកបើកបរមិនមានកំហុសទាល់តែសោះ។

ដោយទទួលបានបទបញ្ជា និងការឯកភាពពីឯកឧត្តមស្នងការ ផ្នែកវិន័យ នៃការិយាល័យបុគ្គលិក បានសម្រេចដកមន្ត្រីទាំង ៤ រូបនេះ​ មកបញ្ឈរជើងរយ:ពេល ៣ ខែ បង្ហាញមុខជាប្រចាំរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក ធ្វើកិច្ចសន្យា ជាពិសេស មន្ត្រីដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) ដើម្បីជាការព្រមានចំពោះការប្រព្រឹត្តកំហុសនេះ៕

ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ