ក្រសួងអប់រំចេញសេចក្ដីណែនាំស្ដីពីវិធានការបង្ការ និង ទប់ស្កាត់គ្រោះថ្នាក់នៅរដូវវស្សា
ក្រសួងអប់រំ យុវជន និង កីឡា បានចេញសេចក្ដីណែនាំមួយកាលពីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ កន្លងទៅស្ដីពី «វិធានការបង្ការ និង ទប់ស្កាត់គ្រោះថ្នាក់ក្នុងពេលធ្វើដំណើរទៅមកសាលារៀនសម្រាប់បុគ្គលិកអប់រំ និង សិស្សានុសិស្ស» ដោយសេចក្ដីណែនាំនេះគឺស្ថិតក្នុងន័យដើម្បីកាត់បន្ថយនូវផលប៉ះពាល់ និង គ្រោះថ្នាក់ ដែលអាចកើតមានឡើងក្នុងអំឡុងពេលធ្វើដំណើរទៅមកសាលារៀន។
ការដាក់ចេញនូវវិធានការនេះគឺបន្ទាប់ពីមានឧបទ្ទវហេតុលិចទូក-ដ កាលពីថ្មីនេះបណ្ដាលឱ្យសិស្សស្លាប់បាត់បង់ជីវិតអស់ ១១ នាក់។ ក្រសួងបានលើកឡើងថា ដោយសារតែគ្រឹះស្ថានសិក្សាភាគច្រើននៅតាមដងទន្លេ ជុំវិញបឹងទន្លេសាប និង ទំនាបផ្សេងៗទៀត តែងរងនូវការជន់លិច និង ខូចខាតបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធសម្ភារ និង ឯកសារ ជាដើម ហើយបុគ្គលិកអប់រំ និង សិស្សានុសិស្សតែងតែទទួលរងគ្រោះថ្នាក់ជាយថាហេតុ។
ហេតុនេះក្រសួងបានធ្វើការណែនាំឱ្យមន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត, ការិយាល័យអប់រំ យុវជន និង កីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស គណៈគ្រប់គ្រងសាលារៀន អាជ្ញាធរដែនដី និង លោកគ្រូអ្នកគ្រូ ត្រូវតាមដានរាល់ការណ៍ព្យាករណ៍អាកាសធាតុ ហើយត្រូវពិនិត្យមើលកម្រិតហានិភ័យ ដែលនឹងអាចកើតមាន ដូចជាស្ថានភាពផ្លូវ, ខ្យល់ព្យុះ, ជំនន់ទឹកភ្លៀង ឬទឹកស្ទឹង បឹង ទន្លេ។ល។ ដោយសហការជាមួយអង្គភាពពាក់ព័ន្ធ ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសមធ្យោបាយធ្វើដំណើរ ដោយត្រូវណែនាំឱ្យកែលម្អដល់ម្ចាស់អាជីវកម្ម និង អ្នកបញ្ជាមធ្យោបាយដឹកជញ្ជូនសិស្សានុសិស្ស និង បុគ្គលិកអប់រំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ និង មានការទទួលខុសត្រូវខ្ពស់។ ដោយឡែកសម្រាប់ ទូក ឬ កាណូត ត្រូវបំពាក់ឧបករណ៍សុវត្ថិភាព ឬអាវពោងសុវត្ថិភាព និង កុំដឹកលើសចំណុះ ឬ បញ្ជាលើសល្បឿន។
ចំណែកគណៈគ្រប់គ្រងសាលាត្រូវតែសហការជាមួយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា អាជ្ញាធរអប់រំ និង អាជ្ញាធរដែនដី ចុះត្រួតពិនិត្យមើលទីតាំង លិខិត ឬ គោលការណ៍អនុញ្ញាតឱ្យប្រកបអាជីវកម្មលើមធ្យោបាយដឹកជញ្ជូន ហើយត្រូវអប់រំណែនាំដោយផ្ទាល់ពីលោកគ្រូ អ្នកគ្រូ ដល់សិស្សានុសិស្សជាប់ជាប្រចាំអំពីហានិភ័យដែលនឹងកើតមានឡើងក្នុងអំឡុងពេលធ្វើដំណើរជាពិសេសការណែនាំឱ្យសិស្សចេះគ្រប់គ្រងអារម្មណ៍ គ្រប់គ្រងស្ថានការណ៍ និង វិធីរំដោះខ្លួនចេញពីគ្រោះថ្នាក់ ព្រមទាំងសម្របសម្រួលផ្ដល់ និង ទទួលព័ត៌មានរវាងសាលារៀន និង សហគមន៍ និង ជុំវិញការចចូលរួមរាល់សកម្មភាពពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់គ្រោះថ្នាក់នានា និង សម្របសម្រួលជាមួយម្ចាស់អាជីវកម្មមធ្យោបាយដឹកជញ្ជូនដើម្បីសម្រួលដល់សិស្ស។
រីឯមាតាបិតា អ្នកអាណាព្យាបាលត្រូវណែនាំកូនចៅជាប់ជាប្រចាំឱ្យមានការប្រុងប្រយ័ត្ន និង ជ្រើសរើសមធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាព៕