ស្ត្រីជាម្ដាយ យកកូនអាយុជាង១ខែ ទៅបោះចោលក្នុងស្រះទឹក ហើយកុហកថា មានចោរចូលផ្ទះវាយប្លន់យកម៉ូតូ និង យកកូនរបស់ខ្លួនទៅបាត់

ស្ត្រីឈ្មោះ ជា ស្រីអូន ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ លក់បន្លែ បច្ចុប្បន្នរស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណី: ឃាតកម្ម។
ជនរងគ្រោះ ឈ្មោះ ផាត សុភ័ត្រា ភេទស្រី អាយុ ១ខែ ២០ថ្ងៃ។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២២នេះ។

សូមជម្រាបថានៅវេលាម៉ោង ២៣និង០០នាទី យប់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២២ នៅភូមិកន្ត្រក សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ជនសង្ស័យ ជាម្តាយ ឈ្មោះ ជា ស្រីអូន ដោយក្នុងពេលដែលរស់នៅប្រចាំថ្ងៃជាមួយប្តី ជនសង្ស័យតែងតែមានទំនាស់ជាមួយប្តី ហើយប្តីរបស់ខ្លួន ចោទប្រកាន់រូបខ្លួនថា កូននេះមិនមែនជាកូនរបស់គេនោះទេ ជាកូនជាមួយប្រុសផ្សេង ទើបជនសង្ស័យមានចិត្តខឹងនិងប្តី ហើយមានចិត្តចង់សម្លាប់កូនចោល។ លុះដល់ថ្ងៃកើតហេតុជនសង្ស័យបានបីកូន ( ជនរងគ្រោះកំពុងដេក ) ចេញពីក្នុងផ្ទះ ចេញតាមបង្អួច យកទៅបោះចោលក្នុងស្រះទឹកខាងត្បូងផ្ទះចម្ងាយប្រហែល ៥០ម៉ែត្រ ក្រោយពេលបោះកូនចោលក្នុងទឹក ហើយ ជនសង្ស័យបានដើរត្រឡប់មកផ្ទះវិញ ហើយប្រឌិតរឿង ដោយរ៉ើកកាយខោអាវ និង យកដំបងមកដាក់មុខផ្ទះ ហើយកុហកក្រុមគ្រួសារដោយប្រាប់ថា មានចោរចូលផ្ទះវាយប្លន់យកម៉ូតូ និង យកកូន របស់ខ្លួនទៅបាត់ ពេលនោះក្រុមគ្រួសារ បានបាននាំគ្នាដើររក ក៏បានឃើញកូន ( ជនរងគ្រោះ ) អណ្តែតក្នុងទឹកស្រះ ហើយក៏នាំគ្នាចុះស្រង់ និង យកទៅមន្ទីពេទ្យ តែជនរងគ្រោះបាន ស្លាប់បាត់ទៅហើយ ទើបប្តឹងរាយការណ៍ ជូនសមត្ថកិច្ចតែម្តង។

ក្រោយមក សមត្ថកិច្ច ក៌នាំជនសង្ស័យមកសួនាំបានឆ្លើយសារភាពថា ដោយសារខឹងនិងប្តី តែងតែរករឿង ធ្វើបាប ហើយថែមទាំងចោទ ប្រកាន់រូបខ្លួនថា កូនរបស់ខ្លួនខាងលើនេះ ជាកូនជាមួយនិងប្រុសផ្សេង ទើបរូបខ្លួនបានយកកូនបំបៅដោះឲ្យដេកលក់ ហើយយកដៃខាងឆ្វេងត្រកងក្បាល និងដងខ្លួន ហើយប្រើដៃខាងស្តាំ ច្របាច់ច្រមុះ និងក្តោបមាត់ ប្រហែល ២នាទី កូនបានដាច់ខ្យល់ស្លាប់ បន្ទាប់មករូបខ្លួន បានបីកូនចេញតាមបង្អួចផ្ទះ យកកូនទៅបោះចោលក្នុងទឹកស្រះ ប្រឌិតរឿងកុហកក្រុមគ្រួសារថាមានចោរចូលប្លន់ វាយយកម៉ូតូ និង យកកូនទៅបាត់តែម្តង។

ករណីនេះ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕