ប្រទះឃើញ បំណែកព្រះកេសអសុរាមួយ នៅប៉ែកខាងកើតខ្លោងទ្វារទន្លេអុំ

នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ នេះ អាជ្ញាធរជាតិអប្សរាបានធ្វើការបង្ហោះលើហ៊្វេសប៊ុកផេកផ្លូវការរបស់ខ្លួន បង្ហាញពីការរកឃើញបំណែកព្រះកេសអសុរាមួយ នៅប៉ែកខាងកើតខ្លោងទ្វារទន្លេអុំ កាលពីរសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ។

ព្រះកេសអសុរាមួយនេះ គឺត្រូវបានប្រទះឃើញក្រោយពីអាជ្ញាធរជាតិអប្សរាបានចុះរៀបចំសណ្ដាប់ធ្នាប់ទីតាំងអតីតតូបលក់ដូររបស់អាជីវករនៅមុខខ្លោងទ្វារចូលក្រុងអង្គរធំនាប៉ែកខាងកើតនៃទន្លេអុំឱ្យល្អប្រសើរឡើងវិញ ដោយដំបូងឡើយក្រុមការងារបានជីកកាយដីជម្រៅប្រមាណ ៣ ទៅ ៤ តឹក ហើយក៏ប្រទះឃើញបំណែកថ្មបុរាណចំនួន ៣ ផ្ទាំង បន្ទាប់មកក៏បានយកទៅលាងសម្អាតហើយផ្គុំគ្នាក៏កើតបានទៅជាព្រះកេសអសុរាតែមួយដែលមានកម្ពស់ ៦០ សង់ទីម៉ែត្រ ទទឹង ៦៥ សង់ទីម៉ែត្រ និង កម្រាស់ ៥៩ សង់ទីម៉ែត្រ ដែលធ្វើពីថ្មភក់ ស្ថិតក្នុងរចនាបថបាយ័ន នៃរាជព្រះបាទជ័យវរ្ម័នទី ៧ ដូចគ្នានឹងអសុរាទាញព្រ័ត្រនៅតាមខ្លោងទ្វារទាំង ៤ ផ្សេងទៀតនៃក្រុងអង្គរធំដែរ។

តាមការអះអាងរបស់អ្នកភូមិកន្លែងដែលគេប្រទះឃើញព្រះកេសនេះពីមុនធ្លាប់ជាការដ្ឋានជួសជុលខ្លោងទ្វារទន្លេអុំកាលពីសម័យបារាំង ហើយបច្ចុប្បន្នតាមការពិនិត្យឃើញថានៅមានសេសសល់បំណែកដៃ ជើង ដងខ្លួននាគ ព្រមទាំងចម្លាក់ទេវតា និង អសុរាទាញព្រ័ត្រជាច្រើនបំណែកទៀតដែលនៅរប៉ាត់រប៉ាយពេញក្នុងបរិវេណនោះ។

គួរបញ្ជាក់ដែរថា ព្រះកេសដែលបានរកឃើញនោះ ត្រូវបានក្រុមការងារអាជ្ញាធរអប្សរាសហការជាមួយនគរបាលការពារបេតិកភណ្ឌ និង ភ្នាក់ងារសណ្ដាប់ធ្នាប់ ព្រមទាំងភ្នាក់ងារទេសចរណ៍យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ ដើម្បីលាងសម្អាត និង ជួសជុលតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ៕