ខេត្តព្រះសីហនុ ដាក់ពង្រាយធុងសំរាមស្ងួតសាកល្បង ទប់ស្កាត់កង្វក់បរិស្ថានឆ្នេរ
ព្រះសីហនុ៖ ខេត្តព្រះសីហនុ បានដាក់ពង្រាយធុងសំរាម សម្រាប់ដាក់សំរាមស្ងួតចំនួន ១០ធុង និងដាក់ពង្រាយធុងសំរាម ១០ធុងបន្ថែមទៀត នៅតាមបណ្តោយឆ្នេរអូរឈើទាល២ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីទប់ទល់ការកង្វក់បរិស្ថានឆ្នេរ។
ក្នុងឱកាស ចុះពិនិត្យការដាក់ពង្រាយធុងសំរាមស្ងួតនេះ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា ការដាក់ពង្រាយធុងសំរាមសម្រាប់ដាក់សំបកដប និងសំបកកំប៉ុងនេះ ដើម្បីឱ្យភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋដែលពួកគាត់កាន់ដបទឹកដើរកម្សាន្តតាមឆ្នេរ ក៏ដូចជាអ្នកដែលចុះងូតទឹកពិសារទឹកអស់ អាចយកមកដាក់នៅក្នុងធុង ចៀសវាងការបោះចោលលើឆ្នេរបង្កឱ្យបាត់បង់សោភ័ណភាព បរិស្ថានឆ្នេរស្អាត។
ឯកឧត្តមអភិបាលខេត្ត បានសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួននៅតែខ្វះការយល់ដឹង ទោះបីរដ្ឋបាលក្រុង ខេត្តបានដាក់ស្លាកសញ្ញាណែនាំពីការប្រើប្រាស់ធុងសំរាមសម្រាប់ដាក់តែសំរាមស្ងួត(សំបកដប-សំបកកំប៉ុង) យ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែមិននាំគ្នាចូលរួមសហការ ពួកគាត់នៅតែបោះកាកសំណល់ចំណីអាហារចូលទៅក្នុងធុងសម្រាមស្ងួត (សំបកដប សំបកកំប៉ុង) ដដែល ធ្វើឱ្យហូរទឹកកាកសំណល់បណ្តាលឱ្យខ្សាច់ឡើងខ្មៅប៉ះពាល់ដល់បរិស្ថានថែមទៀតផង។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ការដាក់ពង្រាយធុងសំរាមសម្រាប់ដាក់សំរាមស្ងួតដូចជា (សំបកដប-សំបកកំប៉ុង)នេះ ជាការសាកល្បង ប្រសិនបើប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរនៅតែមិនចូលរួមសហការទេ គឺត្រូវលើកយកធុងដាក់សំបកដប សំបកកំប៉ុងនេះចេញពីឆ្នេរវិញ។
ក្រៅពីពិនិត្យធុងសំរាម ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តទៅពិនិត្យសកម្មភាពកាយខ្សាច់សមុទ្រ ដើម្បីចាក់ទប់គល់ស្ងាវនៅតាមបណ្តោយឆ្នេរអូរត្រេះ កុំឱ្យបាក់រលំចូលសមុទ្រដោយសាររលកបោកបក់នាំយកខ្សាច់ហូរចូលទៅសមុទ្រ ធ្វើឱ្យគល់ស្ងាវឬសឡើងលើប្រឈមនឹងខ្យល់បោកបក់រលំចូលទៅសមុទ្រ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដាំដុះកូនស្ងាវឡើងវិញនៅតាមបណ្តោយឆ្នេរអូរឈើទាលរហូត ដល់ឆ្នេរអូរត្រេះ៕