ទឹកជំនន់ បានវាយលុកយ៉ាងធ្ងន់ធ្ងរនៅភូកេត កាលពីម្សិលមិញនេះ
ផ្នែកជាច្រើននៃរមណីយដ្ឋានកោះភាគខាងត្បូងនៃប្រទេសថៃ ត្រូវបានជន់លិច បង្កភាពចលាចលចរាចរណ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងចាប់ពីយប់ថ្ងៃសៅរ៍រហូតដល់ថ្ងៃអាទិត្យ ទី ១៦ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ។ អភិបាលខេត្ត Narong Woonciew បាននិយាយថា មជ្ឈមណ្ឌលបង្ការ និង កាត់បន្ថយគ្រោះមហន្តរាយទាំងអស់ និង រដ្ឋបាលមូលដ្ឋានបានប្រាប់ឱ្យប្រមូលកម្លាំងមនុស្ស និង ឧបករណ៍ដើម្បីជួយជនរងគ្រោះដោយទឹកជំនន់ ដោយបន្ថែមថាកម្រិតទឹកប្រែប្រួលគឺកម្ពស់ត្រឹមជង្គង់នៅទីតាំងខ្លះ និង ជម្រៅត្រឹមចង្កេះនៅកន្លែងផ្សេងទៀត។
អ្នករងគ្រោះដោយទឹកជំនន់ជាច្រើននៅតែបន្តនៅជម្រកបណ្ដោះអាសន្នដែលបានបង្កើតឡើងនៅទូទាំងខេត្តដែលបានបង្កើតឡើងដើម្បីយកមនុស្សទាំងនោះរួមទាំងអ្នកជំងឺលើគ្រែមួយចំនួនដែលត្រូវបានជម្លៀសកាលពីចុងសប្ដាហ៍។ ទឹកជំនន់នៅភូកេតកាលពីម្សិលមិញបានរំខានអ្នកធ្វើដំណើរតាមផ្លូវអាកាស ដែលភាគច្រើនបានខកខានការហោះហើររបស់ពួកគេចេញពីទីក្រុង ខណៈដែលអ្នកដែលមកដល់ពិបាកទៅសណ្ឋាគារ ឬផ្ទះរបស់ពួកគេ។
អាកាសយានដ្ឋានអន្តរជាតិភូកេត បានស្នើឱ្យអ្នកដំណើរចាកចេញទៅកាន់អាកាសយានដ្ឋានឱ្យបាន ៣ ទៅ ៤ ម៉ោងមុនការចាកចេញ ដែលបានកំណត់ពេលរបស់ពួកគេ ដើម្បីជៀសវាងការខកខានជើងហោះហើរ។ យ៉ាងណាមិញ បើទោះបីជាមានការព្រមានក៏ដោយ ភ្ញៀវទេសចរមួយចំនួននៅតែខកខានជើងហោះហើររបស់ពួកគេ ដោយសារតែការកកស្ទះចរាចរណ៍លើផ្លូវទៅកាន់អាកាសយានដ្ឋាន ព្រោះតែទឹកជំនន់។ ក្រុមមន្ត្រីបានព្យាយាមជួយប្រជាជននៅលើកោះដែលរងផលប៉ះពាល់ដោយទឹកជំនន់។ មិនតែប៉ុណ្ណោះ អ្នកព្យាករណ៍អាកាសធាតុបានព្រមានថានឹងមានភ្លៀងធ្លាក់បន្ថែមទៀត។ លោក Charan Yiemvej អ្នកព្យាករណ៍នៅនាយកដ្ឋានឧតុនិយមនៅទីក្រុងបាងកកបាននិយាយថា «Ranong, Phangnga, Phuket, Krabi, Trang និង Satun គួរតែប្រុងប្រយ័ត្នចំពោះទឹកជំនន់ដែលអាចកើតមានភ្លាមៗ»។ ក្រសួងបានឱ្យដឹងថា ឱកាសនៃការមានភ្លៀងធ្លាក់នៅលើកោះមាន ៧០% ចាប់ពីថ្ងៃច័ន្ទ នេះដល់ ថ្ងៃពុធ។
លោក Udomporn Kan ប្រធានការិយាល័យបង្ការ និង កាត់បន្ថយគ្រោះមហន្តរាយខេត្តបាននិយាយថា តំបន់ដែលលិចលង់ រួមមាន Tambons Thep Kasattri, Si Sunthorn, Patong, Kamala, Choeng Thalay និង Pa Khlok ក្នុងស្រុកThalang។ លោកបាននិយាយទៀតថា ការបាក់ស្រុតដីបានកើតឡើងនៅលើជម្រាលភ្នំឆ្ពោះទៅ ភ្នំ Patong ហើយបង្គោលភ្លើងជាច្រើនទៀតក៏បានដួលរលំពេញផ្លូវផងដែរ ដែលនេះធ្វើឱ្យអាជ្ញាធរអគ្គិសនីខេត្តកាត់ផ្តាច់ភ្លើងជាបណ្ដោះអាសន្ន៕
ប្រភព៖ Bangkok Post