ក្រសួងសាធារណការ ក្រើនរំលឹក​ម្តងទៀត អំពីការប្រើប្រាស់គន្លងលើផ្លូវល្បឿនលឿន

ព្រះសីហនុ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ បានប្រកាសក្រើនរំលឹកជាថ្មីម្តងទៀត ដល់បងប្អូនអ្នកបើកបរ​​ឱ្យបានយល់​ច្បាស់ អំពីការប្រើប្រាស់គន្លងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

– គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា

អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។

– គន្លងវ៉ាជែង

ជាគន្លងស្ថិតនៅខាងឆ្វេងដៃបំផុត គឺសម្រាប់ប្រើប្រាស់ក្នុងការវ៉ាជែងតែប៉ុណ្ណោះ មិនមែនសម្រាប់ចរាចរណ៍ធម្មតាឡើយ។

ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លងផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំដើម្បីងាកចូលគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាវិញ។

*ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន ដោយឡែករថយន្តធុនធ្ងន់ត្រូវប្រកាន់យកគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាដដែល។ ក្នុងករណីនេះ យានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។

– គន្លងផ្លូវសម្រាប់ឈប់បន្ទាន់

ជាគន្លងផ្លូវសម្រាប់ឈប់ ក្នុងករណីយានយន្តខូច ឬមានបញ្ហាផ្សេងៗប៉ុណ្ណោះ។

បន្ថែមពីនេះ ក្រសួងក៏សង្ឃឹមយ៉ាងមុតមាំថាបងប្អូនអ្នកបើកបរ ទាំងអស់អនុវត្តតាមការណែនេះឱ្យបានខ្ចាប់ខ្ជួន ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា៕